ជាតិ
សង្គមជាតិ
កសិករខ្មែរកាន់តែចេះប្រើស្មាតហ្វូន និងបណ្តាញសង្គមដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម
03, Apr 2021 , 8:30 pm        
រូបភាព
ដោយ:
ស្របពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលទូទាំងសាកលលោក ប្រទេសកម្ពុជាក៏បានជួបបញ្ហានេះដែរ។ ស្ថិតក្នុងបរិបទនេះ អាជ្ញាធរបានរឹតបន្តឹងការជួបជុំ ដោយផ្សារមួយចំនួនដែលលក់ផលិតផលកសិកម្ម ក៏ត្រូវបានផ្អាក។ បញ្ហាទាំងនេះ បានធ្វើឲ្យកសិករ ប្រើប្រាស់ស្មាតហ្វូតជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់អតិថិជននៅលើបណ្ដាញសង្គម។



ដ្បិតជាសម័យបច្ចេកវិទ្យាទំនើប សម្រាប់ចំណេះដឹងរបស់កសិករនៅមានកម្រិតនៅឡើយ។ អង្គការហ្គ្រេដ កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលកសិករឲ្យចេះពីរបៀបថត និងកាត់ត វីដេអូ តាមទូរសព្ទដៃ ដើម្បីឲ្យកសិករអាចផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅលើបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក និង យូធូប។

គម្រោងនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ម្លេះ ក្នុងការបង្រៀនកសិករឲ្យចេះកាត់តវីដេអូ ស្ដីពីបច្ចេកទេសកសិកម្ម និងឆ្នាំ២០១៩ អង្គការហ្គ្រេដ ក៏បានចាប់ផ្ដើមបង្រៀនកសិករឲ្យចេះប្រើស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីបច្ចេកទេសដាំដុះ និងលក់ផលិតកសិកម្ម ដល់អតិថិជន។ នេះបើតាមអ្នកស្រី សំ ច័ន្ទឆវី អ្នកសម្របសម្រួលផ្នែកទីផ្សារនៃអង្គការហ្គ្រេដ កម្ពុជា។

អ្នកស្រីបានប្រាប់សារពត៌មានThmeyThmey25 ដូច្នេះ៖«វាជាសកម្មភាពថ្មី របស់កសិករ ដើម្បីឲ្យអតិថិជន បានស្គាល់កសិករ និងស្គាល់ពីផលិតផលរបស់ខ្លួន។ យើងមិនអាចនិយាយបានទេថា គម្រោងនេះនឹងជោគជ័យប៉ុន្មានភាគរយ តែក៏ជាផ្នែកមួយដែលជួយរកទីផ្សារឲ្យកសិករអំឡុងវិបត្តិកូវីដ-១៩នេះ»។

«ផ្សារចុងសប្ដាហ៍ នៅតាមបណ្ដាខេត្តនីមួយជាកន្លែងលក់ផលិតផលកសិកម្ម របស់កសិករ តែកូវីដ-១៩ បានធ្វើឲ្យផ្សារចុងសប្ដាហ៍ទាំងនេះផ្អាកបណ្ដោះអាសន្ន ដូច្នេះកសិករមិនអាចលក់ផលិតផលរបស់គាត់នោះទេ។ ដូច្នេះយើងត្រូវរកវិធី ដើម្បីជួយពួកគាត់»។ នេះជាការលើកឡើងរបស់លោក ប៉ាត សុវណ្ណ មន្ត្រីគម្រោងរបស់អង្គការហ្រ្គេត កម្ពុជា។

លោក ប៉ាត សុវណ្ណ មន្ត្រីគម្រោងរបស់អង្គការហ្រ្គេត កម្ពុជា ដែលជាអ្នកបង្រៀនកសិករផ្ទាល់ពីកម្មវិធីកាត់ត វីដេអូ និងផ្សព្វផ្សាយផលិតផលតាមអនឡាញ បានរៀបរាប់ថាច ដោយសារចំណេះដឹងទាក់ទងបច្ចេកវិទ្យារបស់កសិករ នៅមានកម្រិតនៅឡើយ ដូច្នេះវាជាផលវិបាកដែលទាមទារពេលវេលាក្នុងការបង្រៀន។
ទោះបីចំណេះដឹងកសិករនៅមានកម្រិត លោក សុវណ្ណ ប្រាប់ថា វាមិនមែនជាបញ្ហានោះទេ ដ្បិតសព្វថ្ងៃ កសិករដែលបានរៀនពីវិធីកាត់ត វីដេអូ ពីគម្រោងរបស់អង្គការហ្គ្រេដ កម្ពុជា និងបានចងក្រងជាសហព័ន្ធកសិករ មានដូចជា ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ ហើយកសិករប៉ុន្មានខេត្តនេះ បានយកទៅបង្រៀនតគ្នា ស្ទើរទូទាំងប្រទេស។

លោក សុវណ្ណ អះអាងថា៖ «យើងមិនអាចវាយតម្លៃជាភាគរយបានទេ នូវអ្វីដែលអង្គការហ្គ្រេតផ្ដល់ឲ្យក្រុមកសិករ តែអំឡុងកូវីដ-១៩នេះ គម្រោងរបស់អង្គការហ្គ្រេដ បានចូលរួមយ៉ាងសំខាន់ ដើម្បីជំរុញឲ្យកសិករអាចផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន»។

សូមបញ្ជាក់ថា អង្គការហ្រ្គេត កម្ពុជា បានបង្កើតគម្រោងវគ្គបណ្ដុះបណ្ដាលពីរបៀបថត និងកាត់ត វីដេអូ តាមទូរសព្ទដៃ ដើម្បីចែករំលែកព័ត៌មានកសិកម្ម និងបច្ចេកទេសដាំដុះ ពីកសិករមួយទៅកាន់កសិករផ្សេង,ផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករ និងបណ្ដាញសារព័ត៌មាន និងផ្សព្វផ្សាយផលិតផលកសិកម្ម,បង្កើនភាពងាយស្រួលដល់អ្នកលក់ និងអ្នកទិញ ដោយមិនចាំបាច់ទៅដល់ផ្សារ ដោយអាចទិញនៅលើបណ្ដាញសង្គម៕


 

© រក្សាសិទ្ធិដោយ thmeythmey.com