ជាតិ
សង្គមជាតិ
តើនឹងមានអ្វីកើតឡើងពេលបាត់បង់ព្រៃឈើ?
03, Apr 2021 , 8:59 pm        
រូបភាព
 
ភ្នំពេញ៖ ព្រៃឈើ មានសារសំខាន់ណាស់សម្រាប់មនុស្ស ប៉ុន្តែនៅពេលដែលមនុស្សទាញយកផលពីព្រៃឈើហួសហេតុ នឹងធ្វើឲ្យព្រៃឈើទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការបាត់បង់ព្រៃឈើ នឹងនាំឲ្យផែនដីមានគ្រោះធម្មជាតិ អុកស៊ីសែនមានកាន់តែខ្សត់ ហើយឧស្ម័នកាបូនិកកើនឡើងក្នុងខ្យល់ ជាពិសេសបាត់បង់នូវធនធានធម្មជាតិដ៏សំខាន់នេះ។


យោងតាមសៀវភៅ ខ្ញុំចង់ដឹង ចំណងជើងថា «ធម្មជាតិស្រុកយើង» របស់អង្គការ ស៊ីប៉ា មូលហេតុធ្វើឲ្យផែនដី មានគ្រោះធម្មជាតិពេលបាត់បង់ព្រៃឈើ គឺនៅពេលអស់ព្រៃឈើ នោះស្លឹកឈើសម្រាប់គ្របដីក៏អស់ ហើយឫសឈើសម្រាប់សូ្របទឹក និងទប់ដីក៏លែងមាន។ ដូច្នេះនៅពេលមានភ្លៀវធំ ទឹកភ្លៀងនឹងហូរយ៉ាងលឿន ដោយនាំយកដីស្រទាប់លើ ទៅចាក់ក្នុងទន្លេ និងបឹង ធ្វើឲ្យទឹករាក់ និងខ្សោះជីជាតិដី ធ្វើឲ្យដំណាំមិនបានផលល្អ។

ការបាត់បង់ព្រៃនាំឲ្យអុកស៊ីសែនខ្សត់ ហើយឧស្ម័នកាបូនិកកាន់ឡើងក្នុងខ្យល់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។ លើសពីនេះ បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យផែនដីមានលក្ខណៈក្តៅខ្លាំង ហើយត្រជាក់ ក៏ត្រជាក់ខុសពីធម្មតា។ ប៉ុន្តែមនុស្សយើងបានយល់ពីបញ្ហានេះ និងកំពុងមានការខិតខំដោះស្រាយ និងអនុវត្តផែនការ ក្នុងការបង្កើតឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការធម្មជាតិជាដើម។

សៀវភៅដដែលបានសរសេរទៀតថា បើកាប់ព្រៃឈើអស់ទៅ នោះពូជឈើព្រមទាំងសត្វជាច្រើនត្រូវវិនាស។ ជាមួយគ្នានេះដែរ យើងក៏នឹងបាត់បង់នូវប្រភពថ្នាំសង្កូវ ប្រភពផ្តល់ឈើ និងអាហារផងដែរ។

ការបាត់បង់ព្រៃឈើ ដែលបណ្តាលមកពីតម្រូវការឈើ និងដីខ្ពស់ ព្រោះប្រជាជនកើនឡើងយ៉ាងរហ័ស និងភ្លើងឆេះព្រៃដោយចេតនា ឬអចេតនា ដែលបង្កឡើងដោយមនុស្ស។ ប៉ុន្តែ ការបាត់បង់ច្រើន ដែលគួរព្រួយបារម្ភ គឺបណ្តាលមកពីការកាប់ឈើ ក្នុងទ្រង់ទ្រាយធំហួសហេតុ និងតាមបែបអនាធិបតេយ្យ រួមទាំងការលួចកាប់ខុសច្បាប់៕

 

Tag:
 ខ្ញុំចង់ដឹង
  ធម្មជាតិស្រុកយើង
  ស៊ីប៉ា Sipar
  កាតបាត់បង់ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com