អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រកាសរក្សាជំហរ នៅខាងប្រជាជន ដើម្បីប្រឆាំងរដ្ឋាភិបាលយោធា
04, Apr 2021 , 11:11 am        
រូបភាព
ក្រុមបាតុករមីយ៉ាន់ម៉ា។រូបភាព៖ AFP
ក្រុមបាតុករមីយ៉ាន់ម៉ា។រូបភាព៖ AFP
 
ក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន១០ ក្រុម នៅថ្ងៃទី៣ ខែមេសា បានរិះគន់លើការបង្រ្កាបយ៉ាងឃោរឃៅ​លើក្រុមបាតុករពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា។ បើតាមក្រុមឧទ្ទាម ខ្លួននឹងឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា ដែលទាមទារឱ្យរបបសឹក បញ្ចប់ការដឹកនាំរបស់ខ្លួន។ ការប្រកាសរបស់ក្រុមឧទ្ទាមមីយ៉ាន់ម៉ាបែបនេះ អាចនឹងធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល។




ជិតពីរខែមកនេះ បាតុកម្មប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងឥតដាច់ ដើម្បីទាមទារឱ្យបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកជាប់ឃុំទាំងអស់។ ការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមប៉ូលិសបានកើតឡើងជាញឹកញាប់នៅក្នុងទីក្រុងធំៗ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ មកទល់ពេលនេះ អ្នកស្លាប់ក្នុងអំឡុងពេលបាតុកម្ម បានកើនដល់ ៥៥៦នាក់ និងអ្នកដែលត្រូវបានចាប់ខ្លួនមានជាច្រើនពាន់នាក់។

ទាក់ទិននឹងបញ្ហាខាងលើ ក្រុមឧទ្ទាមមីយ៉ាន់ម៉ាចំនួន ១០ ក្រុម បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយនៅក្នុងថ្ងៃទី៣ ខែមេសា។ «មេដឹកនាំរដ្ឋាភិបាលយោធា ត្រូវតែប្រកាន់នូវគណនីភាព»។ នេះជាការលើកឡើងរបស់មេដឹកនាំក្រុមឧទ្ទាមRestoration Council of Shan State លោកYawd Serk ដោយបានបន្ថែមថា កិច្ចព្រមព្រៀងបទឈប់បាញ់ ទាមទារឱ្យក្រុមប៉ូលិស ត្រូវតែបញ្ឈប់រាល់សកម្មភាពបង្រ្កាបលើប្រជាជនមីយ៉ាន់ម៉ាទាំងអស់។

កន្លងមកក្រុមយោធា បានប្រកាសអនុវត្តបទឈប់បាញ់ជាឯកតោភាគីរយៈពេល ១ខែ ប៉ុន្តែខ្លួននឹងចាត់វិធានការលើសកម្មភាពទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពរដ្ឋាភិបាលយោធា។ ការប្រកាសរបស់យោធាមីយ៉ាន់ម៉ាបែបនោះ ធ្វើឡើងបន្ទាប់ពីខ្លួនបានវាយប្រហារតាមផ្លូវអាកាសលើក្រុមឧទ្ទាមសហភាពជាតិ Karen ដែលធ្វើឱ្យមានប្រជាជនភៀសខ្លួនទៅព្រំដែនថៃជាច្រើនពាន់នាក់។ ការវាយប្រហារតាមផ្លូវអាកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមKaren បានគ្រប់គ្រងមូលដ្ឋានយោធាមួយកន្លែងរបស់របបសឹក។

ក្នុងកិច្ច​ប្រជុំតាមប្រព័ន្ធវីដេអូដដែលនេះ មេដឹកនាំក្រុមឧទ្ទាមRestoration Council of Shan State ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមឧទ្ទាមទាំង ១០ក្រុម នឹងឈរនៅជាមួយប្រជាជន ដែលទាមទារឱ្យមានការបញ្ចប់ការដឹកនាំបែបរបបសឹកនៅមីយ៉ាន់ម៉ា។ ការប្រកាសរបស់ក្រុមឧទ្ទាមនេះ អាចធ្វើឱ្យមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្រុងសង្រ្គាមស៊ីវិលមួយ។ កន្លងមកប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា ក៏បានទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការឱ្យបានទាន់ពេលផងដែរ ដើម្បីបង្ការប្រទេសមួយនេះ មិនឱ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល។

ចំណែកក្រុមយោធា នៅក្នុងថ្ងៃដដែលនេះ បានឆ្លើយតបថា មីយ៉ាន់ម៉ា នឹងមិនធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលឡើង ប្រសិនបើភាគីពាក់ព័ន្ធ គោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់។ គួររំលឹកថា ក្រុមឧទ្ទាមទាំង១០ក្រុមនេះ គឺជាសមាជិកហត្ថលេខី នៃ «កិច្ចព្រមព្រៀងបទឈប់បាញ់នៅទូទាំងប្រទេស» ដែលធ្វើឡើងដោយរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី៕


Tag:
 មីយ៉ាន់ម៉ា
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com