COVID-19
ជាតិ
សង្គមជាតិ
លោកស្រី ឱ វណ្ណឌីន ស្នើស្ថាប័នរដ្ឋទាំងអស់ កុំបញ្ចូលឈ្មោះអ្នកដទៃ ក្រៅពីមន្ត្រីទៅចាក់វ៉ាក់សាំងកូវីដ-១៩
04, Apr 2021 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ស្នើឱ្យក្រសួង និងស្ថាប័នរដ្ឋទាំងអស់ កុំចុះឈ្មោះអ្នកដទៃ ក្រៅពីមន្ត្រី ឬបុគ្គលិក ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទៀតឡើយ។ លោកស្រី វណ្ណឌីន ស្នើបែបនេះ ក្រោយពីមានករណីក្រសួងខ្លះ ចុះឈ្មោះបុគ្គលដទៃ ក្រៅពីក្របខណ្ឌមន្ត្រីរាជការស៊ីវិល ទៅចាក់វ៉ាក់សាំង។



លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងខ្លះ បានអនុវត្តត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលហើយ ប៉ុន្តែក្រសួងខ្លះ មិនបានអនុវត្តទៅតាមគោលដៅនោះទេ។ ប៉ុន្តែដែលលោកស្រី វណ្ណឌីន មើលឃើញនោះ គឺក្រសួងខ្លះ បានបញ្ចូលឈ្មោះបុគ្គលដទៃ ក្រៅពីមន្ត្រី និងបុគ្គលិកក្របខណ្ឌមន្ត្រីរាជការស៊ីវិលនោះ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែរ ដែលវាធ្វើឱ្យលើសផែនការចាក់វ៉ាក់សាំងលើមន្ត្រីរាជការស៊ីវិល។

ដោយសារបញ្ហានេះ ទើបលោកស្រី ឱ វណ្ណឌីន ស្នើឱ្យក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ឈប់បញ្ចូលឈ្មោះអ្នកដទៃ ក្រៅពីមន្ត្រី ឬបុគ្គលិក ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទៀត ដើម្បីកុំឱ្យខុសផែនការចាក់វ៉ាក់សាំង ដែលរដ្ឋាភិបាលបានកំណត់។

ប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេសរូបនេះ បាននិយាយដូច្នេះថា៖«ប្រសិនក្រសួងនីមួយៗ ចេះតែយកបុគ្គលផ្សេង ដែលមិនមែនជាមន្ត្រី មិនមែនជាបុគ្គលិករបស់ខ្លួន ហើយយកមកចាក់(វ៉ាក់សាំង) នឹងធ្វើឱ្យចំនួនវ៉ាក់សាំង ដែលយើងគ្រោងផ្ដល់ឱ្យមន្ត្រីរាជការស៊ីវិល ដែលក្រោមក្រសួងនីមួយៗនេះ មិនមែនវ៉ាក់សាំងគ្រប់(សម្រាប់ចាក់)ទេ »។

តាមរយៈសារសំឡេងជាង៧នាទី នៅក្នុងបណ្ដាញសង្គមតេឡេក្រាមនោះ លោកស្រី វណ្ណឌីន ក៏បានព្រលយថា ក្រសួងរៀបចំដែនដី បានបញ្ចូលឈ្មោះបុគ្គលដទៃ ក្រៅពីមន្ត្រីខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ។ ដើម្បីដោះស្រាយបញ្ហានេះ លោកស្រី ឱ វណ្ណឌីន បញ្ជាឱ្យអនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ចលើកិច្ចការចាក់វ៉ាក់សាំងទាំងអស់ ចុះពិនិត្យត្រួតពិនិត្យឱ្យបានត្រឹមត្រូវ លើការចាក់វ៉ាក់សាំងនេះ ។ជាពិសេសផ្ទៀងផ្ទាត់រាល់បញ្ជីឈ្មោះមន្ត្រីតាមក្រសួងនានា ឱ្យបានច្បាស់លាស់។

«ប្រសិនបើអ្នកមកចាក់(វ៉ាក់សាំង) មិនស្ថិតនៅក្នុងបញ្ជីឈ្មោះ យើងមិនអនុញ្ញាតឱ្យចាក់ទេ»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ដែលបានបន្ថែមថា វ៉ាក់សាំងដែលកម្ពុជា មាននៅក្នុងដៃនេះ គឺត្រូវបែងចែកយកទៅប្រើប្រាស់ សម្រាប់ការពារលើពលរដ្ឋទាំងអស់ ទាំងកងទ័ព មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន និងកម្មករ។ ដូច្នេះរាល់ផែនការចាក់វ៉ាក់សាំងនៅតាមក្រសួង ឬស្ថាប័ន គឺមានតួលេខកំណត់ដែរ។  

គិតត្រឹមថ្ងៃទី៣ មេសា កងទ័ព មន្ត្រីរាជការ និងពលរដ្ឋកម្ពុជា ជាង៥០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ ក្នុងនោះ មន្ត្រីរាជការ និងពលរដ្ឋជាង៣៧ម៉ឺននាក់បានចាក់វ៉ាក់សាំងលើកទី១ ខណៈខាងកងទ័ព ចាក់វ៉ាក់សាំងជាង១៥ម៉ឺននាក់ដែរ។ នេះបើតាមរបាយការណ៍ដោយឡែករបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​២៦៨៩​នាក់ ក្នុងនោះ​២១៥៩​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប​១៦៥៣​បានជា​សះស្បើយ ខណៈ​ចំនួន​អ្នកស្លាប់​ឡើងដល់​១៩​នាក់ រីឯ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​ជំងឺ​ផ្សេង​នា​អំឡុង​ព្យាបាល​កូ​វីដ​-១៩​៕


Tag:
 ឱ វណ្ណឌីន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com