អន្តរជាតិ
ចិន មានករណីឆ្លងកូវីដ-១៩ ថ្មីច្រើនបំផុតក្នុងពេលជាងពីរខែ
05, Apr 2021 , 10:14 am        
រូបភាព
ចិន នៅថ្ងៃទី៥ ខែមេសា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣២នាក់ ដែលជាតួលេខចខ្ពស់បំផុតក្នុងរយៈពេលជាងពីរខែ។ ក្នុងចំណោមនេះ ករណីឆ្លងដែលរកឃើញលើអ្នកដំណើរពីក្រៅប្រទេសមាន១៧នាក់ និងករណីឆ្លងក្នុងស្រុក១៥នាក់ដែលរកឃើញនៅក្រុង Ruili ជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់។

 
ទីក្រុង Ruili នៃខេត្តយូណាន ក្លាយជាទីតាំងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់តាំងពីសប្ដាហ៍មុន។ ក្នុងសេចក្ដីរាយការណ៍ថ្ងៃទី៥ ខែមេសា អាជ្ញាធរសុខាភិបាលចិនរកឃើញរកក្នុងស្រុកចំនួន១៥ករណីដែលសុទ្ធសឹងនៅទីក្រុងជាប់ព្រំដែនមីយ៉ាន់ម៉ានេះទាំងអស់។ បូកករណីរកឃើញលើអ្នកដំណើរចំនួន១៧នាក់ទៀត ចិនមានករណីឆ្លងប្រចាំថ្ងៃចំនួន៣២នាក់ ដែលជាចំនួនច្រើនបំផុតគិតតាំងពីថ្ងៃទី៣១ ខែមករាមក។
 
ក្នុងចំណោមអ្នកឆ្លងនៅទីក្រុង Ruili ទាំង១៥នាក់ មាន១១នាក់ជាជនជាតិមីយ៉ាន់ម៉ា។ ទូរទស្សន៍រដ្ឋចិន CCTV ផ្សាយថា ការវិភាគវីរុសដែលរកឃើញក្នុងទីក្រុងនេះបង្ហាញថា ករណីឆ្លងក្នុងស្រុកពេលនេះទំនងជាបណ្ដាលមកពីករណីនាំចូលក្នុងចំណោមជនចំណាកស្រុកមីយ៉ាន់ម៉ា ព្រោះជាប្រភេទតែមួយនឹងវីរុសដែលមានមីយ៉ាន់ម៉ាដែរ។
 
ដើម្បីទប់ស្កាត់ករណីឆ្លង អាជ្ញាធរក្រុងនេះ ក៏ចេញយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយ និងចាប់ផ្ដើមចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណ៣០ម៉ឺននាក់ក្នុងរយៈពេល៥ថ្ងៃ។ ជាមួយគ្នានេះ ប្រជាជនក្នុងទីប្រជុំជនក៏ត្រូវបញ្ជាឱ្យនៅតែផ្ទះ ឯសាលារៀនក៏ត្រូវបានបិទបណ្ដោះអាសន្ន ចំណែកការធ្វើដំណើរចេញចូលទីក្រុង Ruili ក៏ត្រូវបានរឹតបន្តឹងដែរ។
 
Ruili ជាទីក្រុងធំមួយរបស់ខេត្តយូណានដែលជាប់ព្រំដែនជាមួយឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ខេត្ត ក៏ប្រឈមមុខលំហូរជនភៀសខ្លួនពីប្រទេសទាំងបីក្នុងគោលដៅស្វែងរកកន្លែងមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ខណៈចិនអាចគ្រប់គ្រងជំងឺនេះបានទៅហើយ៕
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com