អន្តរជាតិ
ប្រេស៊ីលប្រកាសរកជំនួយ១ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន
05, Apr 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ប្រេស៊ីល បានប្រកាសស្វែងរកជំនួយប្រមាណ១ពាន់លានដុល្លារពីបណ្តាប្រទេសនានារួមទាំងអាមេរិក ផង ដើម្បីជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូន។ រដ្ឋមន្រ្តីបរិស្ថានប្រេស៊ីល អះអាងនៅថ្ងៃទី៣ ខែមេសា ថា ថវិកា នឹងជួយកាត់បន្ថយការបំផ្លាញព្រៃឈើពី៣០ទៅ៤០ភាគរយ ក្នុងរយៈពេល ១ឆ្នាំ។


«ផែនការទឹកប្រាក់ចំនួន១ពាន់លានដុល្លារនេះត្រូវអនុវត្តក្នុងរយៈពេល១២ខែ។ ប្រសិនបើធនធាន ទាំងនោះទទួលបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ យើង អាចប្តេជ្ញាដើម្បីកាត់បន្ថយចន្លោះពី៣០ភាគរយទៅ៤០ភាគរយក្នុងរយៈពេល១២ខែ»។ នេះជាលើក ឡើងរបស់រដ្ឋមន្រ្តីបរិស្ថានប្រេស៊ីល លោក Ricardo Salles ក្នុងកិច្ចសម្ភាសមួយពេលលោកស្នើរក ជំនួយ១ពាន់លានដុល្លារពីបរទេស។ 
 
លោក Salles បានលើកឡើងថា ទឹកចំនួនមួយភាគបី នឹងត្រូវប្រើដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំង នឹងការកាប់បំផ្លាញព្រៃឈើដោយផ្ទាល់។ ទឹកប្រាក់ពីរភាគបីទៀត នឹងយកទៅប្រើលើការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងគោលដៅផ្តល់ដល់អ្នកដែលធ្លាប់ទទួលបានផលប្រយោជន៍ពីការកាប់ព្រៃឈើនូវឱកាសការងារផ្សេងៗដើម្បីរកចំណូលពីប្រភពផ្សេងវិញ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Salles ក៏បានស្នើសុំជំនួយពីអាមេរិក ព្រមទាំងន័រវេសផង ប្រសិនបើប្រទេសទាំងនេះចង់ចូលរួមសហការក្នុងសកម្មភាពនេះ។ ទោះជាយ៉ាងណា រដ្ឋមន្រ្តី បរិស្ថានរូបនេះបានបញ្ជាក់ថា បើមិនទទួលបានថវិកាជំនួយទេ ប្រេស៊ីលនឹងខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពជាមួយធនធានដែលខ្លួនមាន ប៉ុន្តែមិនអាចធានាថា នឹងអាចកាត់បន្ថយការកាប់បំផ្លាញ ព្រៃឈើក្នុងគោលដៅប៉ុន្មានភាគរយឱ្យបានជាក់លាក់ឡើយ។
 
សូមបញ្ជាក់ថា ប្រេស៊ីល រងការរិះគន់យ៉ាងខ្លាំងចំពោះបរាជ័យកន្លងមក ក្នុងការទប់ស្កាត់ការកាប់ បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូន ដែលជាព្រៃរងទឹកភ្លៀងធំជាងគេនៅលើពិភពលោក។ ប្រធានាធិបតីប្រេស៊ីលផ្ទាល់ លោក Jair Bolsonaro ដែលជាអ្នកនយោបាយស្តាំនិយម ក៏មានគោល នយោបាយក្នុងការទាញផលប្រយោជន៍សេដ្ឋកិច្ចពីធនធានព្រៃឈើជាជាងការពារថែមទៀត៕
 
 
 
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com