ជាតិ
ក្រសួងត្រៀមវ៉ាក់សាំងកូវីដ-១៩ ដល់កម្មករជាង១០ម៉ឺននាក់ ខណៈមេសហជីពអំពាវនាវកម្មករចូលរួម
05, Apr 2021 , 9:59 pm        
រូបភាព
កម្មករនៅខេត្តកំពង់ស្ពឺ (រូបពីទំព័រហ្វេសប៊ុក CUMW)
កម្មករនៅខេត្តកំពង់ស្ពឺ (រូបពីទំព័រហ្វេសប៊ុក CUMW)
ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំងសម្រាប់ចាក់ជូនកម្មករជាង១០ម៉ឹននាក់ ក្នុងដំណាក់កាលដំបូង ខណៈមេសហជីពក៏អំពាវនាវឲ្យកម្មករចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។


 
លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃទី៣មេសាថា ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ គឺបានដំណើរការទៅបានយ៉ាងល្អ។ តែយ៉ាងណាក៏ដោយ ក្រសួងត្រូវតែពន្លឿននូវល្បឿនៃការចាក់វ៉ាក់សាំងឲ្យលឿនជានេះបន្ថែមទៀត។ 
 
«គម្រោងនៃការចាក់របស់យើង គឺទៅលើមនុស្សចំនួន៧៤ម៉ឺន៥ពាន់ នាក់ ហើយក្នុងនោះចំនួន១០ ម៉ឺននាក់គឺជាកម្មករ-និយោជិត ដែលយើងបានត្រៀមវ៉ាក់សាំងទុកសម្រាប់ពួកគាត់ហើយផងដែរ។ ហើយទោះបីជាចំនួននេះ មិនទាន់គ្រប់ដល់ចំនួនកម្មករទាំងអស់ក៏ដោយ តែយើងនឹងផ្តល់ដល់ពួកគាត់ជាបន្តនៅពេលមានវ៉ាក់សាំងមកដល់ពេលបន្ទាប់ទៀត»។ នេះបើតាមប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបន្ថែមថា វ៉ាក់សាំងនេះគឺសម្រាប់ជួយការពារអាយុជីវិត និងបង្កើតនូវកងការពារសម្រាប់វាយបកទៅនឹងវីរុសកូវីដ ១៩។ 
 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា កម្មកររាប់ម៉ឺននាក់ហើយដែលបានចុះឈ្មោះ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩នេះ។ បើតាមលោក ហេង សួរ គណៈកម្មការចំពោះកិច្ចនឹងដំណើរការចាក់វ៉ាក់សាំងជូនដល់កម្មករ-និយោជិត នៅថ្ងៃទី៧មេសា។ 
 
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងជូនកម្មករនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ឲ្យចូលរួមចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ 
 
«យើងទាំងអស់គ្នាមិនអាចបន្តរស់នៅ និងធ្វើការដោយភាពភ័យខ្លាច ដូច្នេះតទៅទៀតបាននោះទេ សង្គមមួយដែលមានសេដ្ឋកិច្ចរឹងមាំបាន គឺអាស្រ័យលើសុខភាពរបស់ពលរដ្ឋ ទាំងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ..។.ដូច្នេះ សូមបងប្អូនថ្នាក់ដឹកនាំសហជីពតាមបណ្តាមូលដ្ឋាននិងកម្មករនិយោជិតទាំងអស់ចូលរួមចាក់វ៉ាក់សាំងនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល»។ នេះបើតាមការអំពាវនាវរបស់លោក ប៉ាវ ស៊ីណា ។ 
 
កន្លងមកកាលពីថ្ងៃទី២មេសា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តក៏បានឲ្យក្រសួងសុខាភិបាលផ្ដល់អាទិភាពដល់អ្នកប្រកបរបរក្រៅប្រព័ន្ធ ពិសេសនៅភ្នំពេញ ឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩។ «ខ្ញុំសុំឱ្យគណៈកម្មការចំពោះកិច្ចត្រូវរៀបចំជាបន្ទាន់ទៅដល់ការចាក់វ៉ាក់សាំងទៅដល់អ្នកលក់ត្រី បន្លែសាច់ និងអ្នករកស៊ីដែលមានផលប៉ះពាល់ដែលអាចងាយឆ្លងនៅតាមទីផ្សារ និងអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ ដូចជាអ្នករត់តាក់ស៊ី ម៉ូតូកង់៣ និងអ្នកដឹកជញ្ជូនជាដើមដែលត្រូវទទួលបាននូវវ៉ាក់សាំងនេះ»។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន។ 
 
លោក វ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ជំរុញឲ្យអ្នកប្រកបរបរក្រៅប្រព័ន្ធចូលរួមទទួលវ៉ាក់សាំង ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ដើម្បីដំណើរការនេះ ឲ្យកាន់តែល្អប្រសើរលោក វ៉ន់ ពៅ ថា រដ្ឋគួរសហការជាមួយបណ្ដាសមាគមឬក្រុមសហជីពក្រៅប្រព័ន្ធ ដើម្បីរួមគ្នាការផ្ដល់វ៉ាក់សាំងដល់អ្នកប្រកបរបរក្រៅប្រព័ន្ធឲ្យបានកាន់តែលឿន។ «សម្រាប់ខ្ញុំគិតថាជារឿងល្អ ដែលរដ្ឋាភិបាលដាក់ឲ្យអ្នកក្រៅប្រព័ន្ធមានអាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩...រដ្ឋឬអាជ្ញាធរគួរសហការបន្ថែមជាមួយក្រុមសហជីព អ្នកក្រៅប្រព័ន្ធធ្វើយ៉ាងឲ្យការផ្ដល់វ៉ាក់សាំងនេះបានកាន់តែលឿន ក៏ដូចជាជួយការពារពួកគេបានមួយផ្នែកធំនៃវិបត្តិកូវីដ-១៩នេះដែរ»។ នេះបើតាមលោក វ៉ន់ ពៅ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។ 
 
រយៈពេលពីរថ្ងៃនៃ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  គឺមានអ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានជាង១៤ម៉ឺននាក់។ ពលរដ្ឋនៅទូទាំងប្រទេសដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម  ស៊ីណូវ៉ាក់  និងកូវីស៊ែល នេះ  បានកើនឡើងជាង៥៨ម៉ឺននាក់៕ 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com