ពលករខ្មែរម្នាក់ ធ្វើអត្តឃាត នៅមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង
ជាតិ
ពលករខ្មែរម្នាក់ ធ្វើអត្តឃាត នៅមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង
05, Apr 2021 , 5:16 pm        
រូបភាព
ទីតាំងដាក់ពលករចត្តាឡីស័ក នៅក្នុងស្រុកបរវេល ខេត្តបាត់ដំបង (រូបពីហ្វេសប៊ុករដ្ឋបាលស្រុកបរវេល)
ទីតាំងដាក់ពលករចត្តាឡីស័ក នៅក្នុងស្រុកបរវេល ខេត្តបាត់ដំបង (រូបពីហ្វេសប៊ុករដ្ឋបាលស្រុកបរវេល)
ភ្នំពេញ៖ ពលករខ្មែរម្នាក់ ឈ្មោះ នី ម៉ាប់ បានចងកសម្លាប់ខ្លួន នៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងស្រុកបរវេល ខេត្តបាត់ដំបង ។ សាកសពបុរសរូបនេះ ត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់ទឹក នាព្រឹកថ្ងៃទី៤ មេសា។ នេះបើតាមរបាយការណ៍លោក នូ ប៊ុនយ៉ាង អភិបាលស្រុកបរវេល។



មូលហេតុដែលអាជ្ញាធរ សន្និដ្ឋានថា បុរសវ័យ៤៧ឆ្នាំរូបនេះ ធ្វើអត្តឃាតខ្លួននោះ ដោយសារយោងតាមសម្តីរបស់សាច់ញាតិសព ដែលបានរៀបរាប់ពីរឿងរ៉ាវ នាំឱ្យឈានដល់ការបញ្ចប់ជីវិតនេះ។ អភិបាលស្រុកបរវេល ដែលបានសាកសួរបងស្រី និងក្មួយរបស់សព នី ម៉ាប់ ចំនួន២នាក់នោះ បាននិយាយថា បុគ្គល នី ម៉ាប់ នេះធ្លាប់មានបញ្ហារកាំរកូសជាញឹកញាប់ជាមួយប្រពន្ធ ដែលកំពុងរស់នៅប្រទេសថៃ រហូតដល់ថ្នាក់ប្រពន្ធបណ្ដេញចេញ មិនឱ្យរស់នៅជាមួយទៀតផង។ ដោយសារតែបញ្ហានេះហើយ ទើបបុគ្គលរូបនេះ ត្រឡប់ពីថៃវិញ ក្នុងគោលបំណងមករស់ជាមួយសាចញាតិ ក្នុងស្រុកបរវេល ខេត្តបាត់ដំបង បណ្ដោះអាសន្នសិន ប៉ុន្តែត្រូវជាប់កាតព្វកិច្ចចត្តាឡីស័ក។
 
របាយការណ៍លោក នូ ប៊ុនយ៉ាង អភិបាលស្រុកបរវេល ផ្ញើទៅលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងដូច្នេះថា៖«ចំពោះករណីស្លាប់នេះ ខាងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងផ្នែកជំនាញនៃអធិការដ្ឋានស្រុកបរវេល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកបរវេល បានសន្និដ្ឋានតាមជំនាញរៀងៗខ្លួនថា ពលករឈ្មោះ នី ម៉ាប់ ពិតជាបានស្លាប់ដោយសារចងក ហើយការធ្វើអត្តឃាតនេះ គឺដោយសារវិបត្តិផ្លូវចិត្ត»។
 
បើតាមអភិបាលស្រុកបរវេល សព នី ម៉ាប់ ត្រូវបានគ្រូពេទ្យ ប្រគល់ឱ្យសាចញាតិ យកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ហើយ ដោយសារករណីស្លាប់នេះ មិនមែនមកពីជំងឺកូវីដ-១៩។ «ពីព្រោះសពនេះ កាលនៅមានជីវិតនៅឡើយ លទ្ធផលនៃសំណាកគឺអវិជ្ជមានកូវីដ-១៩»។ នេះបើតាមលោក នូ ប៊ុនយ៉ាង អភិបាលស្រុកបរវេល៕
 
   
 

Tag:
 ពលករ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com