អន្តរជាតិ
អាមេរិក សន្យាផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ឱ្យប្រទេសនានា តែមិនចង់បានអ្វីមកវិញឡើយ
06, Apr 2021 , 10:42 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន និយាយនៅថ្ងៃទី៥ ខែមេសា ថា អាមេរិកនឹងផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៅឱ្យប្រទេសនានា ខណៈអាមេរិកដោះស្រាយបញ្ហាវ៉ាក់សាំងក្នុងស្រុករបស់ខ្លួនបានល្អហើយនោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់ ក៏ត្រូវបានតែងតាំងឱ្យដឹកនាំកិច្ចការនេះផងដែរ។ លោក ប្ល៊ីងខិន បញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់អាមេរិក មិនមែនជាថ្នូរនឹងអ្វីមកវិញឡើយ។

 
អាមេរិក នឹងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនលើយុទ្ធនាការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បន្ទាប់ពីសម្រុកចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនរាប់សិបលានដូសមកហើយនោះ។ ការផ្ដល់វ៉ាក់សាំងឱ្យប្រជាជនក្នុងស្រុក ជាបញ្ហាអាទិភាពរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ដែលចង់ឱ្យប្រជាជនអាមេរិមភាគច្រើនទទួលបានវ៉ាក់សាំងនៅអំឡុងខែមេសានេះ។ គិតត្រឹមថ្ងៃទី៥ ខែមេសា វ៉ាក់សាំងប្រមាណ១៦៧លានដូស ត្រូវបានចាក់នៅអាមេរិក។
 
ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន បញ្ជាក់នៅថ្ងៃទី៥ ខែមេសា ថា គោលដៅខាងលើនឹងសម្រេចនៅពេលខាងមុខ ដែលការណ៍នេះអនុញ្ញាតឱ្យអាមេរិកអាចងាកទៅជួយប្រទេសផ្សេងបាន។ ថ្លែងពីក្រសួងការបរទេស លោក ប្ល៊ីងខិន លើកឡើងថា អាមេរិកនឹងពិនិត្យមើលជម្រើសក្នុងការចែករំលែកវ៉ាក់សាំងជាមួយប្រទេសឯទៀត ព្រោះអាមេរិកមានវ៉ាក់សាំងដែលអាចសម្រេចជំហាននេះបាន។ លោកចាត់ទុកការជួយទប់ស្កាត់ជំងឺនេះ ជាការបង្ហាញពីភាពជាអ្នកដឹកនាំរបស់អាមេរិកលើឆាកអន្តរជាតិ។
 
«ខ្ញុំសន្យាថា អាមេរិកនឹងចាត់វិធានការឱ្យបានលឿន។» លោក ប្ល៊ីងខិន សង្កត់ធ្ងន់បែបនេះ ដោយទទួលស្គាល់ភាពបន្ទាន់នៃតម្រូវការវ៉ាក់សាំងលើពិភពលោក។ ដើម្បីសម្រេចបានគោលដៅ ប្រមុខការទូតអាមេរិកក៏ប្រកាសតែងតាំងលោកស្រី Gayle Smith អតីតប្រធានទីភ្នាក់អាមេរិកជំនួយអាមេរិក (USAID) ឱ្យធ្វើជាអ្នកសម្របសម្រួលការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងសន្តិសុខសុខាភិបាល។
 
រដ្ឋមន្រ្តីការបរទសអាមេរិក ក៏មិនភ្លេចនិយាយបរិហារចិន និងរុស្ស៊ីដែលផ្ដល់វ៉ាក់សាំងឱប្រទេសជាច្រើន។ ចិន នាំចេញ និងផ្ដល់ជំនួយវ៉ាក់សាំងរបស់ខ្លួនទៅប្រទេសនានាប្រមាណ១១៥លានដូសហើយ ខណៈរុស្ស៊ីវិញក៏នាំចេញ និងផ្ដល់ជំនួយបាន៥លានដូសដែរ ខណៈអាមេរិកមិនទាន់បញ្ចេញវ៉ាក់សាំងនៅឡើយទេ ព្រោះផ្ដោតលើប្រជាជនក្នុងស្រុកសិន។
 
បើតាមលោក ប្ល៊ីងខិន អាមេរិកមិនផ្ដល់វ៉ាក់សាំងដើម្បីទទួលបានថ្នូរផ្នែកនយោបាយឡើយ តែដើម្បីសង្រ្គោះជីវិតមនុស្ស។ លោកបន្តថា អាមេរិកនឹងគោរពដៃគូរបស់ខ្លួន មិនសន្យាហួសហេតុ ហើយនឹងផ្ដល់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពប៉ុណ្ណោះ៕
 
 
 

Tag:
 អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com