អន្តរជាតិ
ប្រមុខការទូតចិន ប្រាប់ជប៉ុនកុំឱ្យចាប់ដៃជាមួយអាមេរិក ប្រឆាំងខ្លួន
06, Apr 2021 , 5:08 pm        
រូបភាព
ប្រមុខការទូតចិន លោកវ៉ាង យី (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោកToshimitsu Moteg។ រូបភាព៖ AP
ប្រមុខការទូតចិន លោកវ៉ាង យី (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោកToshimitsu Moteg។ រូបភាព៖ AP
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី៥ ខែមេសា បានព្រមានជប៉ុន កុំចង់ប្រឈមមុខជាមួយចិន និងពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ ការលើកឡើងរបស់លោក វ៉ាង  ធ្វើឡើងមុនជំនួបរវាងមេដឹកនាំក្រុងតូក្យូ និងក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែមេសា ខាងមុខ។

 
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន ប្រមុខការទូត លោក វ៉ាង យី បានជជែកពីបញ្ហាជាច្រើនជាមួយសមភាគីជប៉ុន លោក Toshimitsu Motegi ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរសព្ទនៅថ្ងៃទី៥ ខែមេសា។ ក្នុងកិច្ចសន្ទនានោះ ប្រមុខការទុតប្រទេសទាំងពីរ បានលើកយកទំនាក់ទំនងទ្វេភាគី បញ្ហាហុងកុង ស៊ីងជាំងផងដែរ។ 
 
ថ្លែងប្រាប់ប្រមុខការទូតជប៉ុន លោកវ៉ាង បានអះអាងថា ប្រទេសទាំងពីរគួរធានាលើទំនាក់ទំនងទ្វេភាគី និងចៀសវាងការប្រឈមដាក់គ្នា ដើម្បីផលប្រយោជន៍រួម។ «ចិនសង្ឃឹមថា ជប៉ុន ដែលជាប្រទេសឯករាជ្យ នឹងមើលឃើញការអភិវឌ្ឍរបស់ចិនជាសំខាន់ ជាជាងបំភ្លៃការពិតដូចប្រទេសមួយចំនួនប្រឆាំងនឹងចិន»។ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងដែរនោះ បានបញ្ជាក់បែបនេះ ដោយទំនងជាចង់ផ្លែផ្កាដាក់បណ្តាអឺរ៉ុប អាមេរិក និងកាណាដាជាដើម។
 
ក្នុងកិច្ចសន្ទនាដដែលនេះ ទីប្រឹក្សារដ្ឋចិន ក៏បានជំទាស់នឹងការជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ជុំវិញបញ្ហាហុងកុង និងតំបន់ស៊ីងជាំងផងដែរ។ ការលើកឡើងរបស់លោក វ៉ាង ជាការឆ្លើយតបនឹងរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបង្ហាញពីការបារម្ភលើបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីងជាំង និងហុងកុង។ លើសពីនេះ ជប៉ុន ក៏បានប្រកាសម្តងហើយម្តងទៀត ពីការការពារប្រជុំកោះSenkaku នៅក្នុងសមុទ្រចិនខាងកើតផងដែរ។
 
សម្ដីក្នុងន័យព្រមានរបស់ប្រមុខការទូតចិន ធ្វើឡើងមុនពេលទស្សនកិច្ចជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ ទៅអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី ចូ បៃឌិន ។ របៀបវារៈនៃកិច្ចប្រជុំមេដឹកនាំទាំងពីរ ទំនងជាផ្តោតលើបញ្ហាចិន ដែលកន្លងមក បានពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី។ លោក បៃឌិន ធ្លាប់អះអាងដែរថា នឹងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត អាស៊ី និងអឺរ៉ុប ដើម្បីប្រកួតប្រជែងជាមួយការកើនឡើងនៃឥទ្ធិពលរបស់ចិន។ 
 
គួររំលឹកថា រដ្ឋាភិបាលក្រុងតូក្យូ និងក្រុងប៉េកាំង បានប៉ះពាក្យសម្តីគ្នាជាញឹកញាប់ លើតំបន់ដែនទឹកជម្លោះនៅក្នុងសមុទ្រខាងកើត ដែលគ្រប់គ្រងដោយជប៉ុន។ ចិន តែងតែបញ្ជូនទូកល្បាត ចូលមកក្នុងដែនទឹកនេះជាញឹកញាប់៕
 

Tag:
 ចិន
  ជប៉ុន
  ហុងកុង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com