AFC ហាមកីឡាកររបស់ Chiangrai United ដែលប្រើសារធាតុញៀន មិនឱ្យពាក់ព័ន្ធក្នុងកីឡា៤ឆ្នាំ
កីឡាអន្តរជាតិ
អន្តរជាតិ
AFC ហាមកីឡាកររបស់ Chiangrai United ដែលប្រើសារធាតុញៀន មិនឱ្យពាក់ព័ន្ធក្នុងកីឡា៤ឆ្នាំ
06, Apr 2021 , 9:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហាមកីឡាករ Jaja ខ្សែប្រយុទ្ធក្រុម Chiangrai United នៃលីគកំពូលថៃ មិនឱ្យជាប់ពាក់ព័ន្ធរាល់សកម្មភាពកីឡាបាល់ទាត់រយៈពេល៤ឆ្នាំ។ AFC ប្រកាសដូច្នេះនៅថ្ងៃទី៦ ខែមេសា ក្រោយរកឃើញថា ខ្សែប្រយុទ្ធសញ្ជាតិបេ្រស៊ីលរូបនេះបានប្រើប្រាស់សារធាតុញៀន។



Jaja ដែលមានឈ្មោះពេញ Jakson Avelino Coelho ត្រូវបានរកឃើញថាបានរំលោភនឹងច្បាប់កីឡាដែលចែងដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ Jaja ឃើញមានសារធាតុញៀន ក្រោយធ្វើតេស្តនាការប្រកួតវគ្គចែកពូលពានង្វាន់ AFC Champions League ឆ្នាំ២០២០ ក្នុងជំនួបរវាង Chiangrai United និង Melbourne Victory កាលពីថ្ងៃទី៣០ ខែវិច្ឆិកា។
 
AFC បានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ៣៥ឆ្នាំរូបនេះ បានរំលោភមាត្រា៦ នៃបទប្បញ្ញត្តិប្រឆាំងនឹងការប្រើសារធាតុញៀន ដោយត្រូវដាក់ពិន័យមិនឱ្យពាក់ព័ន្ធក្នុងសកម្មភាពកីឡាបាល់ទាត់រយៈពេល៤ឆ្នាំ។ ច្បាប់ប្រឆាំងនឹងការប្រើសារធាតុញៀន តម្រូវឱ្យពិនិត្យលើកីឡាករដែលចូលរួមប្រកួតក្នុងស្រុក អន្តរជាតិ និងមិត្តភាពជាដើម។
 
នៅក្នុងសេចក្តីប្រកាសរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាស៊ី AFC នៅតែប្តេជ្ញាចិត្តក្នុងការរក្សាកីឡាបាល់ទាត់ឱ្យចាកឆ្ងាយពីការប្រើប្រាស់សារធាតុខុសច្បាប់ និងដើម្បីរក្សាភាពត្រឹមត្រូវនៅក្នុងកីឡាដ៏មានប្រជាប្រិយភាពលំដាប់ពិភពលោកមួយនេះ៕
 

Tag:
 Chiangrai United
  AFC
  សារធាតុញៀន
© រក្សាសិទ្ធិដោយ thmeythmey.com