អន្តរជាតិ
កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ ថ្មី៦៦៨នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងពេលបីខែ
07, Apr 2021 , 10:47 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
កូរ៉េខាងត្បូង នៅថ្ងៃទី៧ ខែមេសា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៦៦៨នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគិតតាំងពីខែមករាមក។ ករណីឆ្លងភាគច្រើន ត្រូវបានរកឃើញនៅរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ។ រដ្ឋាភិបាលកូរ៉េខាងត្បូងព្រមានពីការរាំងស្ទះក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បើករណីឆ្លងបន្តមានខ្ពស់បែបនេះ។

 
ក្នុងចំណោមករណីឆ្លងថ្មី៦៦៨នាក់ដែលរកឃើញសម្រាប់ថ្ងៃទី៦ ខែមេសា ករណីចំនួន៦៥៣ ជាការឆ្លងក្នុងស្រុក ដែលនាំឱ្យករណីឆ្លងនៅកូរ៉េខាងត្បូងមានដល់១០៦៨៩៨នាក់។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDA) នៅថ្ងៃទី៧ ខែមេសា។ តួលេខប្រចាំថ្ងៃនេះ ខ្ពស់ជាងតួលេខថ្ងៃទី៨ ខែមករា ដែលមាន៦៧៤នាក់។
 
ក្នុងរបាយការណ៍ដដែល ករណីឆ្លងប្រមាណ៦៣ភាគរយ រកឃើញនៅរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញដូចជាខេត្ត Gyeonggi ជាដើម។ 
 
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Chung Sye-kyun និយាយអំឡុងកិច្ចប្រជុំរដ្ឋាភិបាលថា ប្រសិនរលកឆ្លងទីបួនក្លាយជាការពិត កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋនឹងត្រូវរាំងស្ទះ ហើយប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោក Chung អះអាងថា រដ្ឋាភិបាលប្រមូលកម្លាំងធនធានទាំងអស់ដើម្បីទប់ស្កាត់រលកឆ្លងទីបួននេះ។
 
គិតតាំងពីខែកុម្ភៈមក កូរ៉េខាងត្បូងចាក់វ៉ាក់សាំងលើមនុស្សច្រើនជាងមួយលាននាក់ ដែលជាក្រុមអាទិភាពដូចជាគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងមនុស្សចាស់។ ប៉ុន្តែយុទ្ធនាការនេះ រងសម្ពាធខ្លាំងដោយសារការពឹងផ្អែកខ្លាំងពេកលើវ៉ាក់សាំងតាមយន្តការ COVAX ។ យន្តការ COVAX ផ្ទាល់ ក៏ជួបការពន្យារពេលក្នុងដឹកជញ្ជូនដែរ៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com