ចិនថា ជនភាគតិចជាង១៥លាននាក់ ត្រូវរំដោះពីភាពក្រីក្រក្នុងពេល៥ឆ្នាំចុងក្រោយ
អន្តរជាតិ
ចិនថា ជនភាគតិចជាង១៥លាននាក់ ត្រូវរំដោះពីភាពក្រីក្រក្នុងពេល៥ឆ្នាំចុងក្រោយ
07, Apr 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ឈួ ស៊ាវយីងជាវ

ជនភាគតិចនៅចិនជាង១៥លាននាក់ ត្រូវបានរំដោះចេញពីភាពក្រីក្រក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមសៀវភៅសស្ដីពីការប្រយុទ្ធប្រឆាំងភាពក្រីក្រដែលចេញនៅថ្ងៃទី៦ ខែមេសា។ សៀវភៅសនេះ បង្ហាញពីសមិទ្ធផលរបស់ចិនដែលអះអាងថា បានលុបបំបាត់ភាពក្រីក្រស្ទើរទាំងស្រុងពីក្នុងប្រទេសតាំងពីលោក ស៊ី ជិនភីង ឡើងដឹកនាំមក។


ប្រជាជនទាំងជាង១៥លាននាក់ រស់នៅតំបន់ក្រីក្របំផុតរបស់ជនជាតិភាគតិចនានាទូទាំងចិន ត្រូវបានរដ្ឋាភិបាលចិនជួយរំដោះចេញពីភាពក្រីក្រ។ ក្នុងសៀវភៅសស្ដីពីការបោសសម្អាតភាពក្រីក្រីដែលចេញដោយរដ្ឋាភិបាលចិននៅថ្ងៃទី៦ ខែមេសា លទ្ធផលនេះ ត្រូវបានរដ្ឋាភិបាលប៉េកាំងចាត់ទុកជាការបោះជំហានយ៉ាងអស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិច។
 
បើតាមសៀវភៅសដដែល ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ប្រជាជនរស់នៅតំបន់ក្រីក្រមួយចំនួនក្នុងម៉ុងហ្គោលីខាងក្នុង គ័ងស៊ី ទីបេ នីងសៀ ស៊ីនជាំង គួយចូវ យូណាន និងឈីងហៃជាដើម បានធ្លាក់ចុះចំនួន១៥,៦លាននាក់។ 
 
លោក Xia Gengsheng អនុប្រធានរដ្ឋបាលជាតិទទួលបន្ទុកអភិវឌ្ឍតំបន់ជនបទ អះអាងថា ការគាំទ្រយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលមជ្ឈិម ជាកត្តាសំខាន់ក្នុងលើកកម្ពស់ជីវភាពរស់នៅរបស់ជនភាគតិចក្រីក្រ។ លោកគូសបញ្ជាក់ពីថវិកាពិសេសផ្តល់ដោយរដ្ឋាភិបាលមជ្ឈិមក្នុងការជួយលុបបំបាត់ភាពក្រីក្រខេត្តនិងតំបន់ស្វយ័តទាំង៨ ដែលមានទំហំទឹកប្រាក់៣០០ពាន់លានយ័ន និងការគាំទ្រផ្សេងទៀតដូចជាធនធានមនុស្ស និងការប្រើប្រាស់ដីធ្លីផងដែរ។ 
 
បើតាលោក Xia ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងតំបន់ដែលមានប្រាក់ចំណូលកម្រិតទាបនៅខេត្តចំនួន៨ មានរហូតដល់១០០០០យ័ន (១៥២០ដុល្លារអាមេរិក) នៅចុងឆ្នាំ២០២០។ ទំហំនេះ ក៏ស្ថិតហួសពីបទដ្ឋានអន្តរជាតិក្នុងការកំណត់ភាពក្រីក្រផងដែរ។ 
 
«អាចនិយាយបានថា នេះមិនមែនជារឿងងាយស្រួលទេក្នុងការសម្រេចបាននូវសមិទ្ធផលបែបនេះ»។ នេះជាការបញ្ជាក់មន្ត្រីចិនខាងលើដែលផ្សាយដោយកាសែត South China Morning Post ។
 
គួរបញ្ជាក់ដែរថា ចិនបានទទួលស្គាល់ជនភាគតិចចំនួន៥៦ក្រុម។ អម្បូរហាន ជាជនភាគតិចធំជាងគេដែលតំណាងឰ្យ៩១,៥ភាគរយនៃប្រជាជនសរុប។ ជនភាគតិចផ្សេងទៀតមាន ជនជាតិជ័ងដែលមានប្រមាណ១៦លាននាក់, ជនជាតិហ៊ុយមានជាង១០លាននាក់, ម៉ាន់ជូមានជាង១០លាននាក់ និងវីហ្គ័រប្រមាណ១០លាននាក់ដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com