កញ្ញា រិទ្ធី លំអរពេជ្រ រៀបចំ«បុណ្យភូមិឆ្ពោះទៅកាន់ពិភពឌីជីថល» រយៈពេល៣ថ្ងៃ
ជាតិ
កញ្ញា រិទ្ធី លំអរពេជ្រ រៀបចំ«បុណ្យភូមិឆ្ពោះទៅកាន់ពិភពឌីជីថល» រយៈពេល៣ថ្ងៃ
08, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា រិទ្ធី លំអរពេជ្រ រៀបចំ«បុណ្យភូមិឆ្ពោះទៅកាន់ពិភពឌីជីថល» ចាប់ពីថ្ងៃទី៩ ដល់១១ មេសា។ វាជាឆ្នាំទី២ហើយ ដែលស្ថាបនិកបុណ្យភូមិរូបនេះ រៀបចំកម្មវិធីតាមអនឡាញ ក្រោយពីផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

 
វិបត្តិកូវីដ-១៩ បានធ្វើឲ្យកម្មវិធីបុណ្យភូមិ មិនអាចរៀបចំនៅតាមវត្ត ដើម្បីឱ្យពលរដ្ឋអាចជួបជុំគ្នា លេងល្បែងប្រជាប្រិយកម្សាន្ត និងទស្សនាការសម្ដែងសិល្បៈបុរាណទៀតឡើយ។ ក្រុមយុវជនស្ម័គ្រចិត្តរបស់កម្មវិធីបុណ្យភូមិ បានប្ដូរមករៀបចំកម្មវិធីនេះ តាមអនឡាញវិញ ក្រោមប្រធានបទ«បុណ្យភូមិឆ្ពោះទៅកាន់ពិភពឌីជីថល»។ 
 
ស្ថាបនិកបុណ្យភូមិកញ្ញា រិទ្ធី លំអរពេជ្រ សោកស្ដាយចំពោះការអាក់ខាន រៀបចំបុណ្យភូមិនៅតាមវត្តអារ៉ាម ហើយត្រូវប្រារព្ធតាមប្រព័ន្ធឌីជីថល ដោយសារវិបត្តិកូវីដ-១៩។ «យើងអត់សូវសប្បាយចិត្តទេ ព្រោះយើងនឹកប្រជាពលរដ្ឋ ដែលទៅលេងបុណ្យភូមិរាល់ឆ្នាំ យើងនឹកការជួបជុំគ្នា នឹកការរាំលេងកម្សាន្តជុំគ្នា នឹកការអង្គុយមើលល្ខោនជុំគ្នា និងនឹកការធ្វើការរួមគ្នាជាដើម»។ នេះជាការលើកឡើងរបស់កញ្ញា លំអរពេជ្រ ។


 
ដ្បិតមិនអាចរៀបចំតាមវត្តអារ៉ាម ដែលអាចឱ្យពលរដ្ឋជួបជុំគ្នា កម្សាន្តលេងផ្ទាល់ក៏ពិតមែន តែកម្មវិធីបុណ្យភូមិតាមអនឡាញនេះ ក៏ជាផ្នែកមួយ ដែលធ្វើឱ្យអារម្មណ៍ពលរដ្ឋរីករាយ និងអាចរម្លឹកអនុស្សាវរីយ៍កន្លងមកដែរ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កញ្ញា លំអរពេជ្រ បានបញ្ជាក់ថា បុណ្យភូមិតាមអនឡាញនេះ  នឹងមានការចាក់បញ្ចាំងនូវវីដេអូឯកសារល្ខោន និងតន្រ្តី ដែលជាសកម្មភាពបុណ្យភូមិនៅឆ្នាំចាស់ៗកន្លងទៅ ក៏ដូចជាចាក់បញ្ចាំងវីដេអូរបាំ និងការលែងល្បែងប្រជាប្រិយ ដូចជា វាយក្អម ចោលឈូង បោះអង្គញ់ ដែលបានថតទុកកាលពីឆ្នាំមុន និងមានវីដេអូ កម្សាន្តជាច្រើនទៀត រួមនឹងបទចម្រៀងប្រចាំឆ្នាំ របស់កម្មវិធីបុណ្យភូមិផងដែរ។


 
«ឆ្នាំនេះជាឆ្នាំទីពីរហើយ នៃការធ្វើកម្មវិធីបុណ្យភូមិទម្រង់អនឡាញ ពិភពទៅកាន់ឌីជីថល សង្ឃឹមថាទាំងអស់គ្នានឹងចូលរួម និងមានការគាំទ្រពីប្រជាពលរដ្ឋ»។ នេះជាការអំពាវនាវរបស់ស្ថាបនិកបុណ្យភូមិ ដែលបានបន្ថែមថា កម្មវិធីបុណ្យភូមិឆ្ពោះទៅកាន់ពិភពឌីជីថល នឹងត្រូវចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុកបុណ្យភូមិ ពីម៉ោង ៤រសៀល ដល់ម៉ោង ៩យប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ១១ មេសា ឆ្នាំ២០២១។
 
ឆ្នាំនេះជាឆ្នាំទី៨ហើយ នៃការប្រារព្ធកម្មវិធីបុណ្យភូមិ ចាប់តាំងពីឆ្នាំ២០១៤មក។ ៦ឆ្នាំមុន កម្មវិធីបុណ្យភូមិ បានរៀបចំនៅតាមវត្តនានា ដែលផ្លាស់ប្ដូរពីតំបន់មួយទៅតំបន់មួយ ជុំវិញរាជធានីភ្នំពេញ។ ប៉ុន្តែ២ឆ្នាំនេះ កម្មវិធីបុណ្យភូមិ ត្រូវរៀបចំតាមអនឡាញវិញ ដោយសារវិបត្តិកូវីដ-១៩។ 


 
សម្រាប់កញ្ញា លំអរពេជ្រ ការរៀបចំបុណ្យភូមិតាមអនឡាញនៅឆ្នាំទី២នេះ មិនមានការលំបាកដូចឆ្នាំទី១ឡើយ ព្រោះខ្លួនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ត្រៀមរៀបចំកម្មវិធី។ បើតាមស្ថាបនិកបុណ្យភូមិ ព្រឹត្តិការណ៍មួយនេះ ផ្ដល់អត្ថប្រយោជន៍ជាច្រើន។ 
 
កញ្ញា រិទ្ធី លំអរពេជ្រ បាននិយាយដូច្នេះ៖«គោលបំណងដែលបង្កើតកម្មវិធីបុណ្យភូមិនេះ គឺដើម្បីជាកន្លែងជួបជុំរបស់ពលរដ្ឋខ្មែរ ពិសេសយុវជនខ្មែរឲ្យត្រឡប់ទៅមើលអតីតកាល យកស្មារតីដែលជាឈាមខ្មែរ ដែលមានវប្បធម៌ សិល្បៈខ្មែរដ៏ល្អឯកមួយនេះដាក់ក្នុងខ្លួន ហើយដើរទៅមុខ និងជាស្ពានអតីតកាល មកកាន់ពេលបច្ចុប្បន្ន។ វាជាវេទិកាសម្រាប់សិល្បៈករ និងអ្នកស្រលាញ់សិល្បៈ អាចបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីបុណ្យភូមិ ដើម្បីឲ្យមនុស្សទូទៅបានទស្សនា។ វាក៏ជាវេទិកាសម្រាប់យុវជន ក្នុងការស្ម័គ្រចិត្តធ្វើការរួមគ្នា»។


 
សូមបញ្ជាក់ថា កម្មវិធីបុណ្យភូមិ បានកើតឡើងពីការសរសេរសារណាបញ្ចប់ឆ្នាំរបស់កញ្ញា រិទ្ធី លំអរពេជ្រ នៃមហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ ដែលកញ្ញាបានជ្រើសរើសយកការផលិតឯកសារវីដេអូ ក្រោមប្រធានបទ ល្ខោនស្រមោលស្បែកធំ ត្រូវការសម្ដែងជាក់ស្ដែង ក្នុងទម្រង់បែបបុរាណ៕


 

Tag:
 បុណ្យភូមិ
 រិទ្ធី លំអរពេជ្រ
© រក្សាសិទ្ធិដោយ thmeythmey.com