មន្រ្តីយោធាមីយ៉ាន់ម៉ា ចូលកាន់កាប់អាគារស្ថានទូតប្រចាំអង់គ្លេស
អន្តរជាតិ
មន្រ្តីយោធាមីយ៉ាន់ម៉ា ចូលកាន់កាប់អាគារស្ថានទូតប្រចាំអង់គ្លេស
08, Apr 2021 , 9:37 am        
រូបភាព
អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង់គ្លេស Kyaw Zwar Minn ឈរខាងក្រៅអាគារស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងឡុងដ៍។ រូបថត AFP
អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង់គ្លេស Kyaw Zwar Minn ឈរខាងក្រៅអាគារស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងឡុងដ៍។ រូបថត AFP
មន្ត្រីអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំអង់គ្លេស បានចូលកាន់កាប់អាគារស្ថានទូតប្រទេសនេះប្រចាំទីក្រុងឡុងដ៍។ អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង់គ្លេស លោក Kyaw Zwar Minn អះអាងបែបនេះនៅក្រៅស្ថានទូតនៅថ្ងៃទី៧ ខែមេសា ដោយស្នើឱ្យរដ្ឋាភិបាលអង់គ្លេសអន្តរាគមន៍ផងដែរ។

 
រដ្ឋប្រហារក្នុងស្ថានទូតមីយ៉ាន់ម៉ានៅអង់គ្លេស? អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង់គ្លេស លោក Kyaw Zwar Minn បានចោទមន្ត្រីយោធាដែលមានទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ាថា ចូលគ្រប់គ្រងអាគារស្ថានទូតក្នុងតំបន់ Mayfair នៃទីក្រុងឡុងដ៍ ហើយមិនអនុញ្ញាតឱ្យលោកចូលខាងក្នុងអាគារឡើយ។ 
 
ក្រោយមានរឿងនេះ មនុស្សជាច្រើនក៏នាំគ្នាប្រមូលផ្ដុំខាងមុខស្ថានទូតជាមួយលោក Kyaw Zwar Minn ដែលនៅខាងក្រៅ។ នៅពេលសួរថានរណានៅខាងក្នុង មន្ត្រីទូតដែលប្រឆាំងបញ្ជារបស់រដ្ឋាភិបាលយោធានិយាយថា ក្រុមអនុព័ន្ធយោធាមីយ៉ាន់ម៉ា។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អាគារនេះជារបស់ដដែល។ ក្នុងកិច្ចសម្ភាសដោយឡែកជាមួយសារព័ត៌មាន Daily Telegraph អគ្គរដ្ឋទូតរូបនេះលើកឡើងថា ក្រុមយោធាសម្រុកចូលអាគារពេលលោកចាកចេញ ដោយពួកគេស្ដាប់បញ្ជាពីមេដឹកនាំនៅក្រុងណៃពិដោ។ 
 
ក្រសួងការបរទេសអង់គ្លេសដែលតែងចេញសាររិះគន់របបយោធាមីយ៉ាន់ម៉ាមិនដាច់ពីមាត់នោះ បញ្ជាក់ថា កំពុងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងអ្វីដែលកើតឡើងនៅស្ថានទូតមីយ៉ាន់ម៉ា។ ចំណែកប៉ូលិសក្រុងឡុងដ៍វិញបានត្រឹមនិយាយថា ខ្លួនទទួលបានព័ត៌មានហើយ។ លោក Kyaw Zwar Minnអំពាវនាវឱ្យអង់គ្លេសចាត់វិធានការ។
 
កាលពីខែមីនា រដ្ឋាភិបាលយោធា បានកោះហៅ Kyaw Zwar Minn ចូលប្រទេសវិញ បន្ទាប់ពីលោកប្រកាសជំហរប្រឆាំងរដ្ឋប្រហារ ហើយបន្តរក្សាតំណែងតំណាងឱ្យរដ្ឋាភិបាលស៊ីវិលបន្តទៀត។ លោកស្ថិតក្នុងចំណោមអ្នកការទូតមីយ៉ាន់ម៉ាពីរនាក់ដែលងើបប្រឆាំងយោធាចំមុខ ដោយម្នាក់ទៀតជាតំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ៕
 
 
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com