កីឡាអន្តរជាតិ
អន្តរជាតិ
សេតវិមានថា អាមេរិកមិនជជែកជាមួយសម្ពន្ធមិត្តលើការធ្វើពហិការអូឡាំពិកប៉េកាំងឡើយ
08, Apr 2021 , 8:29 pm        
រូបភាព
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki នៅថ្ងៃទី៧ ខែមេសា អះអាងថា អាមេរិកមិនពិភាក្សាអំពីការធ្វើពហិការចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងនោះទេ ខណៈ ចិនរងការរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសក៏ដោយ។


«ជំហររបស់យើងនៅអូឡាំពិកឆ្នាំ ២០២២ មិនបានផ្លាស់ប្តូរទេ។ យើងមិនបានពិភាក្សាអំពីការធ្វើពហិការរួមគ្នាជាមួយសម្ពន្ធមិត្ត និងដៃគូជុំវិញករណីនេះឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី Psaki មុនបន្ថែមថា អាមេរិកកំពុងថ្លឹងថ្លែងវិធីសាស្រ្តផ្សេងៗដើម្បីឆ្លើយតបនឹងរដ្ឋាភិបាលចិន ដោយបង្ហាញទណ្ឌកម្មដែលអាមេរិកបានអនុម័តកាលពីពេលថ្មីៗនេះជាមួយកាណាដា អង់គ្លេស និងសហភាពអឺរ៉ុបជុំវិញការរំលោភសិទ្ធិមនុស្សលើជនជាតិមូស្លីមវីហ្គ័រលើទឹកដីចិន។
 
កន្លងមក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏បានប្រកាសដែរថាអាមេរិកគ្មានផែនការរារាំងអត្តពលិកខ្លួនក្នុងការចូលរួមកីឡារដូវរងាឆ្នាំ ២០២២ ឡើយ ហើយអាមេរិកនឹងមិនយកព្រឹត្តិការណ៍កីឡាទៅពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្ស ឬនយោបាយជាមួយប្រទេសដទៃឡើយ។
 
ការចេញមកបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យសេតវិមាន ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃទី៦ ខែមេសា ប្រាប់អ្នកសារព័ត៌មានថា អាមេរិកកំពុងជជែកលើការធ្វើពហិការចូលរួមអូឡាំពិករដូវរងាក្រុងប៉េកាំង ជាមួយសម្ព័ន្ធមិត្ត និងដៃគូគ្រប់ជាន់ថ្នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ស្របពេលគ្នានេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានអំពាវនាវឱ្យរដ្ឋបាលលោកបៃឌិន ធ្វើពហិការចូលរួមអូឡាំពិករដូវរងាផងដែរ ជុំវិញការប្រព្រឹត្តរបស់ចិនចំពោះជនជាតិវីហ្គ័រ និងការបង្ក្រាបនៅហុងកុង។
 
បើមិនមានការប្រែប្រួលទេ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្រុងប៉េកាំងឆ្នាំ២០២២ និងជាលើកទី២៤ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ៕
 

Tag:
 Olympic
  វីហ្គ័រ
© រក្សាសិទ្ធិដោយ thmeythmey.com