ជាតិ
សម្ដេច ហ៊ុន សែន៖«យើង នឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះ នាពេលឆាប់ៗខាងមុខ»
08, Apr 2021 , 8:59 pm        
រូបភាព
សម្តេច ហ៊ុន សែន រង់ចាំទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រី ដែលយាងមកពីចិនវិញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ រូបពី AFP
សម្តេច ហ៊ុន សែន រង់ចាំទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រី ដែលយាងមកពីចិនវិញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ រូបពី AFP
ដោយ:
ភ្នំពេញ៖ មិនខុសពីឆ្នាំមុនៗនោះទេ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២១នេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារលិខិតជូនពរប្រជាជនកម្ពុជា។ តាមរយៈសារលិខិត ចុះហត្ថលេខានៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី បានរំលេចសមិទ្ធផលនានា ដែលរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងឆ្នាំ២០២០កន្លងមក។ 

 
ទន្ទឹមនឹងការរំលេចពីសមិទ្ធផល សម្តេចប្រមុខរដ្ឋាភិបាល បានលើកឡើងពីការលំបាក ដែលកម្ពុជា បានជួបប្រទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចនៅតាមបណ្តាប្រទេសលើពិភពលោកដែរ។ យ៉ាងណា ប្រមុខរដ្ឋាភិបាល នៅតែប្តេជ្ញាចិត្តប្រឹងប្រែងយកជម្នះលើជំងឺកូវីដ-១៩នេះ។ 
 
មេដឹកនាំកម្ពុជា អះអាងថា៖«រាជរដ្ឋាភិបាលកម្ពុជា មានជំនឿយ៉ាងមុតមាំថា ព្រះរាជាណាចក្រកម្ពុជាយើង នឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះ នាពេលឆាប់ៗខាងមុខ»។
 
ក្នុងសារលិខិតនោះ សម្តេចនាយករដ្ឋមន្រ្តី រម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាក់ស្ដែង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ឲ្យទាន់ពេលវេលា និងបន្តយកចិត្តទុកដាក់ លើការព្យាបាលអ្នកជំងឹកូវីដ-១៩។ 
 
ដោយសារបារម្ភពីការរាលដាលជំងឺកូវីដ-១៩ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ រដ្ឋាភិបាល បានណែនាំឲ្យប្រជាជន ជួបជុំសមាជិកក្នុងផ្ទះ ហើយចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះ។ ជាងនេះទៅទៀត រដ្ឋាភិបាល បានបិទការធ្វើដំណើរឆ្លងខេត្តរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយលើកលែងតែរាជធានីភ្នំពេញនិងខេត្តកណ្តាលប៉ុណ្ណោះ ដែលនៅអនុញ្ញាតឲ្យធ្វើដំណើរទៅមក៕ 
 

Tag:
 ហ៊ុន សែន
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com