ជាតិ
សង្គមជាតិ
លោក ភឿង ភិរៈ សន្តិសុខនៅធនាគារ ABA ត្រូវដោះលែងវិញ
08, Apr 2021 , 5:45 pm        
រូបភាព
រូបភាព បង្ហាញពីសកម្មភាពលោក ភឿង ភិរៈ (ពាក់អាវស) ប្រើកាំភ្លើងបាញ់បុរសដោះអាវ ដែលកាន់កាំបិត ដើរតម្រង់ទៅរកខ្លួន
រូបភាព បង្ហាញពីសកម្មភាពលោក ភឿង ភិរៈ (ពាក់អាវស) ប្រើកាំភ្លើងបាញ់បុរសដោះអាវ ដែលកាន់កាំបិត ដើរតម្រង់ទៅរកខ្លួន
លោកអនុសេនីយ៍ឯក ភឿង ភិរៈ ដែលប្រើកាំភ្លើងបាញ់ការពារខ្លួន បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅមុខធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហុយ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ នេះជាការអះអាងរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាសំបូងរាជធានីភ្នំពេញ មកកាន់សារព័ត៌មានថ្មីៗ។

 

លោក គុជ គឹមឡុង បញ្ជាក់ថា ដ្បិតអនុញ្ញាតឲ្យនៅក្រៅឃុំ តែលោក ភឿ ភិរៈ នៅស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការ។ លោក ថ្លែងថា៖«យើង បន្តស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៀត [លើករណីនេះ]»។ 

លោកព្រះរាជអាជ្ញា មិនទាន់អាចប្រាប់នោះទេ ថា មូលហេតុអ្វី បានជាតុលាការ ដោះលែងលោក ភឿង ភិរៈ។ បើតាមព្រះរាជអាជ្ញាដដែល តុលាការ មិនទាន់ចោទប្រកាន់លោក ភឿង ភិរៈ ពីបទអ្វីឡើយ។ 

កាលពីយប់ថ្ងៃទី៦ ខែមេសា លោក ភឿង ភិរៈ ដែលត្រូវបានបញ្ជូនទៅរក្សាសន្តិសុខ នៅធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបាញ់បុរសម្នាក់ ស្លាប់នៅមុខធនាគារ ABA នោះ។ វីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព បង្ហាញថា បុរសជាជនរងគ្រោះ បានកាន់កាំបិត ដើរតម្រង់ទៅកាន់លោក ភឿង ភិរៈ ហើយលោក ភឿង ភិរៈ ក៏ដកកាំភ្លើង តម្រង់ទៅកាន់បុរសជាជនរងគ្រោះនោះ តែមិនទាន់បាញ់ភ្លាមនោះទេ។ ដោយសារតែបុរសជាជនរងគ្រោះ បន្តដើរទៅជិតលោក ភឿង ភិរៈ ជាមួយនឹងកាំបិតក្នុងដៃ លោក ភឿង ភិរៈ ក៏បានបាញ់បុរសជាជនរងគ្រោះនោះ បណ្តាលឲ្យស្លាប់តែម្តង។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ និយាយថា មុនដំបូង មានមនុស្សមួយក្រុម វាយគ្នានៅជិតធនាគារ ABA ហើយលោក ភឿង ភិរៈ បានទៅហាមឃាត់។ ពួកគេ មិនត្រឹមតែមិនស្តាប់ទេ តែនៅខឹងលោក ភឿង ភិរៈ ថែមទៀត រហូតដល់បុរសជាជនរងគ្រោះខាងលើ បានយកកាំបិត បម្រុងនឹងចាក់លោក ភឿង ភិរៈ ដែលធ្វើឲ្យលោក ភឿង ភិរៈ ត្រូវសម្រេចចិត្តបាញ់បុរសនោះ ក្រោមហេតុផលថា ដើម្បីការពារខ្លួន។ មុនឈានដល់ការប្រើអាវុធ លោក ភឿង ភិរៈ និង ជនរងគ្រោះ បានវាយប្រតប់គ្នា៕ 

អត្ថបទទាក់ទង

Tag:
 ភឿង ភិរៈ
© រក្សាសិទ្ធិដោយ thmeythmey.com