ជាតិ
សុខភាព
ពលរដ្ឋខ្មែរជាង៥,២ភាគរយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយជាង១,៦ភាគរយបានចាក់ដូសទី២
09, Apr 2021 , 12:41 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹមរបាយការណ៍នាថ្ងៃទី៩មេសានេះ កម្ពុជាមានមនុស្សសរុប៨១៥,៩៧៤នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩(COVID-19) ដោយក្នុងនោះ មាន២៥៧,៤៣៤នាក់ គឺបានចាក់វ៉ាក់សាំងដូសទីពីរ រួចរាល់ហើយ។ នេះបើតាមការបូកបញ្ចូលតួលេខនៃរបាយការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមមនុស្សជាង៨១ម៉ឺននាក់ខាងលើ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មាន៦១៥,៥២៨នាក់ ជាក្រុមពលរដ្ឋអាទិភាព និង២០០,៤៤៦នាក់ទៀត ជាកងកម្លាំងយោធា ខណៈរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងឡាយ បន្តអំពាវនាវដល់ពលរដ្ឋអាទិភាពឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺនេះ នៅតាមមូលដ្ឋានរៀងៗខ្លួន នៅទូទាំងប្រទេស។
 
បើផ្អែកតាមជំរឿនទូទៅនៃប្រជាជនកាលពីឆ្នាំ២០១៩ កម្ពុជាមានពលរដ្ឋជាង១៥,៥៥លាននាក់ ដូច្នេះមានន័យថា ពលរដ្ឋជាង៥,២ភាគរយហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីមួយ ហើយជាង១,៦ភាគរយ បានចាក់ដូសទីពីរ។ ក្រៅពីពលរដ្ឋខ្មែរ ជនបរទេសរួមមានអត្តពលិក មន្ត្រីអង្គការអន្តរជាតិ មន្ត្រីទូតបរទេស ក៏ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃនៅកម្ពុជាផងដែរ។


 
បច្ចុប្បន្ន កម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទ ដែលកំពុងផ្តល់ឱ្យពលរដ្ឋ។ ក្នុងនោះ កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូកជូនដល់ពលរដ្ឋដើម្បីបង្ការជំងឺកូវីដ-១៩នោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ រហូតដល់ថ្ងៃទី១មេសា កម្ពុជា បានចាក់សាំងវ៉ាក់សាំងSinovac ទៅលើមនុស្សដែលមានវ័យចាប់ពី១៨ឆ្នាំឡើង ទៅផងដែរ។ 
 
គិតមកដល់ពេល កម្ពុជា មានអ្នកកើតកូវីដ-១៩ សរុប ៣៦០៤នាក់ ក្នុងនោះ ៣០៧២នាក់ពាក់ព័ន្ធនឹងករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ១៩៨៤នាក់ និងអ្នកស្លាប់មាន២៤នាក់។
 
ករណីសហគមន៍២០កុម្ភៈ បច្ចុប្បន្នរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com