COVID-19
ជាតិ
កម្មកររោងចក្រ ឌីន ហាន ជាង៣០០នាក់ហើយ ឆ្លងកូវីដ-១៩
09, Apr 2021 , 9:10 pm        
រូបភាព
រោងចក្រ ឌីន ហាន ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបពីគណនីហ្វេសប៊ុក Vimean Dara
រោងចក្រ ឌីន ហាន ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបពីគណនីហ្វេសប៊ុក Vimean Dara
មានកម្មករជិត២៦០នាក់ទៀត ដែលនៅរោងចក្រ ឌីន ហាន បានឆ្លងកូវីដ-១៩។ នេះបើតាមតួលេខក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញនៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។



កម្មករជិត២៦០នាក់នោះ គឺភាគច្រើនបំផុតជាស្រ្តី ដោយបុរសមានតែជាង១០នាក់ប៉ុណ្ណោះ។ កម្មករជិត២៦០នាក់នោះ គឺស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៧៦នាក់ ដែលក្រសួងសុខាភិបាលប្រកាលពីរសៀល។ ក្រសួងសុខាភិបាល ពុំបានបង្ហាញមុខរបរឬការងាររបស់អ្នកជំងឺឡើយ។ ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញលម្អិតពីអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ-១៩ ដូចជា ឈ្មោះ មុខរបរ ឬការងារ ជាដើម ដើម្បីឲ្យអ្នកដែលពាក់ព័ន្ធ បានដឹង ហើយប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

ក្រៅពីកម្មករនៅរោងចក្រ ឌីន ហាន មានកម្មករនៅរោងចក្រផ្សេងទៀត ក៏បានឆ្លងដែរ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កម្មករជាង២០នាក់ (ប្រុសជិត១០នាក់) នៅរោងចក្រ AM2 កម្មករ២នាក់ (ប្រុសម្នាក់) នៅរោងចក្រ ឌី ឡាក់ និង កម្មករជាស្រ្តីម្នាក់ នៅរោងចក្រ សាន់ តិច បានឆ្លងជំងឺកូវីដ-១៩។ រោងចក្រទាំង៣នេះ និងរោងចក្រ ឌីន ហាន សុទ្ធតែស្ថិតក្នុងរាជធានីភ្នំពេញ។ 

ចំពោះរោងចក្រ ឌីន ហាន ត្រូវបានរកឃើញកម្មករប្រមាណ៥០នាក់រួចមកហើយ ដែលឆ្លងជំងឺកូវីដ-១៩ ដោយក្នុងភាគច្រើនជាស្រ្តី។ ដូច្នេះ បើបូកតួលេខទាំង២លើកនេះចូលគ្នា កម្មករនៅរោងចក្រ ឌីន ហាន មិនតិចជាង៣០០នាក់នោះទេ ដែលឆ្លងជំងឺកូវីដ-១៩។ កម្មករសរុបនៅរោងចក្រ ឌីន ហាន មានប្រមាណ២ពាន់៥រយនាក់។ រោងចក្រនេះ ត្រូវបានបិទបណ្តោះអាសន្ន។

បច្ចុប្បន្ន កម្ពុជា នៅសល់ជំងឺកូវីដ-១៩ សរុប១៥៩១នាក់ ដែលកំពុងព្យាបាល ខណៈមនុស្ស១៩៨៤នាក់ បានជាសះស្បើយវិញ ហើយអ្នកស្លាប់ មាន២៥នាក់៕

Tag:
 COVID-19
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com