COVID-19
ជាតិ
បិទ២សង្កាត់នៅខណ្ឌមានជ័យ ៧ភូមិនៅខណ្ឌពោធិ៍សែនជ័យ និង១ភូមិនៅខណ្ឌសែនសុខ
09, Apr 2021 , 10:31 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ប្រកាសពីការសម្រេចចិត្តបិទបណ្តោះអាសន្ននូវ​សង្កាត់២នៅខណ្ឌមានជ័យ គឺស្ទឹងមានជ័យទី១ និងទី២ ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៧ភូមិ (ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រនៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹកទី២ នៃសង្កាត់កាកាបទី២) នៅខណ្ឌពោធិ៍សែនជ័យ។



លោកបានអះអាងថា នេះជាការបិទខ្ទប់កុំឲ្យមាន​ការរាលដាលកូវីដ-១៩ ជាពិសេសទីតាំងរោងចក្រឌីនហាន ដែលមានកម្មករជាង៦០០នាក់វិជ្ជមាន។

លោកអភិបាលរាជធានី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានដ៏ខ្លី នារាត្រីនេះថា វាជាការសម្រេចចិត្តដ៏តឹងតែងមួយ ប៉ុន្តែដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ហើយការរាំងខ្ទប់នេះ នឹងឈានដល់បានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចករណីនៅអូស្ត្រាលី ឬវៀតណាម ជាដើម។

លោកបាន​បានអះអាងប្រាប់ពលរដ្ឋនៅតំបន់ដែលរាំងខ្ទប់ថា អាជ្ញាធរមិនបោះបង់ពួកគាត់នោះឡើយ ហើយរង់ចាំឆ្លើយតបជានិច្ចនូវរាល់តម្រូវការរបស់ពួកគាត់។

ការបិទខ្ទប់នេះមានរយៈពេល២សប្តាហ៍ដោយគិតចាប់ពីម៉ោង​សូន្យយប់ថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៣ ខែមេសា។ សម្រាប់តំបន់ដែលបិទខ្ទប់ទាំងនេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែករណីចាំបាច់ ដែលមាន​ការបញ្ជាក់ពីច្បាស់លាស់៕




© រក្សាសិទ្ធិដោយ thmeythmey.com