COVID-19
ជាតិ
កូវីដ-១៩៖ មនុស្សចំនួន ៤៧៧នាក់ វិជ្ជមាន ខណៈ៩៦នាក់សះស្បើយ​
10, Apr 2021 , 1:51 pm        
រូបភាព
ក្រុមគ្រូពេទ្យយកសំណាកពលរដ្ឋដែលរស់នៅម្តុំផ្សារអូរឫស្សី កាលពីយប់ថ្ងៃទី៨ ខែមេសា កន្លងមក។ ថតដោយ សៅ ផលនិស្ស័យ
ក្រុមគ្រូពេទ្យយកសំណាកពលរដ្ឋដែលរស់នៅម្តុំផ្សារអូរឫស្សី កាលពីយប់ថ្ងៃទី៨ ខែមេសា កន្លងមក។ ថតដោយ សៅ ផលនិស្ស័យ
មនុស្ស ៤៧៧នាក់ទៀតនៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ខណៈ ៩៦បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃសៅរ៍ ទី១០ ខែមេសា នេះ រាជធានីភ្នំពេញ ជាកន្លែងមានករណីច្រើនជាងគេបំផុត។



ក្រសួងសុខាភិបាល បានបញ្ជាក់ថាអ្នកឆ្លងថ្មី ទាំង៤៧៧នាក់នោះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ទាំងអស់ ក្នុងនោះភ្នំពេញមានដល់ទៅ ៤៥៤នាក់ ដោយមាន ១នាក់ បានទទួលមរណភាព។ អ្នកជំងឺ នៅសល់ ៤៥៣នាក់នេះ នៅមិនទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយ។ នេះបើតាមក្រសួងសុខាភិបាល ដែលបានអះអាងថា ក្រសួងនឹងជូនដំណឹងពីកន្លែងព្យាបាលរបស់ពួកគាត់នៅពេលក្រោយ។ 

ក្រៅពីនេះ នៅខេត្តតាកែវ  ខេត្តស្វាយរៀង  និងខេត្តកណ្តាល មានអ្នកឆ្លងថ្មី ៤ ករណី ដូចគ្នា ខណៈខេត្តព្រៃវែងមាន៣ករណី និង៦ករណីទៀត នៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានបញ្ជាក់ដែរថា មានអ្នកជំងឺចំនួន ៩៦នាក់ បានជាសះស្បើយ ក្នុងនោះ៧៨នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសសីហនុ។ ១២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង។ ៤នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីសណ្ឋាគារក្រេតឌុក រាជធានីភ្នំពេញ ។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តតាកែវ និង១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង។ 

គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤០៨១ករណី ក្នុងនោះ ១៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២០៨០នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៦នាក់។​

ភ្នំពេញគឺជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេបំផុតជាពិសេសប្រភពចេញពីផ្សារអូរឫស្សី និងរោងចក្រ ឌីនហា ដែលនាំឲ្យរដ្ឋបាលរាជធានីសម្រេចបិទខ្ទប់សង្កាត់២ នៅខណ្ឌមានជ័យ គឺសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៦ភូមិ (ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រនៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹកទី១ នៃសង្កាត់កាកាបទី២) នៅខណ្ឌពោធិ៍សែនជ័យ។

ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com