COVID-19
ជាតិ
រដ្ឋបង់ថ្លៃភ្លើង និងទឹក ៥ខែ​ដល់គ្រួសារដែលមានសមាជិកស្លាប់ដោយសារកូវីដ-១៩
10, Apr 2021 , 9:12 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេស តាមរយៈទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា នេះ ទាក់ទងនឹងស្ថានភាពរាលដាលកូវីដ-១៩ នៅកម្ពុជា។ សម្តេច ហ៊ុន សែន បាន​សម្រេចអន្តរាគមន៍ចំពោះអ្នក​ស្លាប់ដោយសារករណី២០កុម្ភៈ រដ្ឋជួយបង់ជំនួសការប្រើប្រាស់ទឹកស្អាត ថ្លៃអគ្គិសនី ក្នុងរយៈពេល​៥ខែ បើគិតចាប់តាំងពីទទួលមរណភាព។ កន្លងទៅ សមាជិកក្រុមគ្រួសារអ្នកស្លាប់បានប្រាក់ឧបត្ថម្ភ១០លានរៀល និងអង្ករ១០០គីឡូក្រាម។



មកដល់បច្ចុប្បន្ន អ្នកស្លាប់មាន​២៥នាក់ ក្នុងនោះមាន​៣នាក់ជាជនបរទេស។ រដ្ឋរ៉ាប់រង សម្រាប់តែពលរដ្ឋខ្មែរប៉ុណ្ណោះ។ ​ 

​ក្រៅពីជួយសម្រាកបន្ទុកដល់ក្រុមគ្រួសារដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ រដ្ឋាភិបាល ក៏នឹងអន្តរាគមន៍ដល់អ្នក​បានឆ្លង និងកំពុងព្យាបាលជំងឺនេះដែរ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា សម្រាប់សមាជិកគ្រួសារ ដែលមានអ្នកកើតកូវីដ-១៩ ដោយមានការបញ្ជាក់ត្រឹមត្រូវ រដ្ឋនឹងជួយ​បង់ថ្លៃទឹក ភ្លើង ក្នុងកម្រិតអប្បបរមាមួយ រយៈពេល៣ខែ ចាប់ពីខែដែលសមាជិកម្នាក់ ឬច្រើនបានឆ្លងជំងឺ។ ​ 

ទន្ទឹមនឹងនេះ ចំពោះគ្រួសារដែល​រងការធ្វើ​ចត្តាឡីស័ក ឬរងការរាំងខ្ទប់ ក៏រដ្ឋាភិបាលទទួលអន្តរាគមន៍ដែរ ដោយរដ្ឋ នឹង​ឧបត្ថម្ភ​ប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀល ហើយទទួលបានការបង់ថ្លៃទឹកភ្លើងរយៈពេល​២ខែ ក្នុងកម្រិតអប្បបរមាមួយ។  

សម្រាប់គ្រួសារដែលនៅក្រៅ​តំបន់បិទខ្ទប់ ហើយកំពុងធ្វើចត្តាឡីស័កវិញ ក៏ទទួលបាន​ប្រាក់ឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល និងទទួលបាននូវការរ៉ាប់រងភ្លើងទឹក ​រយៈពេល២ខែពីរដ្ឋដូចគ្នាដែរ។ ក្រៅពីនេះ ពួកគាត់ទទួលបាន​ការឧបត្ថម្ភពីរដ្ឋដូចជាអង្គរ ​មី និងត្រីខផងដែរ​។ ​

សម្តេច ហ៊ុន សែន ក៏អរគុណផងដែរ សម្រាប់អ្នកមានជីវភាពធូរធាមួយចំនួន ​ដែលមិនទទួលយកប្រាក់ឧបត្ថម្ភពីរដ្ឋ ដើម្បីឲ្យរដ្ឋមានលទ្ធភាព ផ្តល់ការឧបត្ថម្ភបន្ថែមដល់អ្នកខ្វះខាត៕

© រក្សាសិទ្ធិដោយ thmeythmey.com