ជាតិ
សម្តេច ហ៊ុន សែន ស្នើឲ្យលោក ចូ បៃឌិន ពិចារណាបំណុល​ដែលកម្ពុជាជំពាក់កាលពីសម័យលន់ នល់
10, Apr 2021 , 10:07 am        
រូបភាព
តាមរយៈការថ្លែងពិសេសពីក្រុងតាខ្មៅ នាព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ស្នើដល់ប្រធានាធិបតីថ្មី​របស់អាមេរិក លោក ចូ បៃឌិន ឲ្យពិចារណាទាក់ទងនឹង​បញ្ហាបំណុលដែល​កម្ពុជាជំពាក់កាលពីសម័យលន់ នល់។



សម្តេចបានបញ្ជាក់ថា សម្តេចបាន​ធ្លាប់ស្នើ​បែបនេះបីដង ទៅកាន់លោក បារ៉ាក់ អូបាម៉ា​ផងដែរ ដោយអតីតប្រធានាធិបតីអាមេរិករូបនេះ អះអាងថាមានការពិបាកពន្យល់សភា និងព្រឹទ្ធសភា។

ទាក់ទងនឹងបញ្ហាបំណុលនេះ សម្តេចនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជាមិនអាចទទួលបាន​ជំនួយឥណទានពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឡើយ ដោយសារតែការជាប់បំណុលអាមេរិក និងរុស្ស៊ី។

សម្តេចបាន​លើកឡើងពី​លក្ខខណ្ឌអនុគ្រោះដ៏ល្អរបស់ជប៉ុន​មក​លើកម្ពុជាទាក់ទងនឹងបំណុល​កន្លង។ សម្តេចចង់ឲ្យរុស្ស៊ី និងសហរដ្ឋអាមេរិក យកលំនាំតាមជប៉ុន ហើយត្រូវបញ្ជាក់ពីចំនួន​ដែលកម្ពុជាត្រូវសង និងការអនុគ្រោះផ្សេងៗ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com