កីឡាជាតិ
ជាតិ
ស៊ី​ហ្គេ​ម៖ U-23 ក​ម្ពុជា​ចាញ់​ម្ចាស់​ផ្ទះមីយ៉ា​ន់ម៉ា ៣-០ នៅ​ថ្ងៃបើក​ឆាក
07, Dec 2013 , 9:16 pm        
រូបភាព
លោក Lee Tae Hoon និងលោកមាស ចាន់ ណា ជាជំនួយការ។ រូបថត NagaWorld/កឹម សុវណ្ណា
លោក Lee Tae Hoon និងលោកមាស ចាន់ ណា ជាជំនួយការ។ រូបថត NagaWorld/កឹម សុវណ្ណា
ក្រុម​កីឡាបាល់ទាត់​ជម្រើស​ជាតិ​អាយុក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា បាន​ចាប់​ផ្តើម​យុទ្ធ​នាការប្រកួត​កីឡា​​ស៊ីហ្គេម​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា ជាមួយ​នឹង​ការ​ខក​ចិត្ត ដោយ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​បំបាក់​ក្នុងលទ្ធ​ផល ៣-០ ក្នុងជំនួបពូល B លើ​ទីលាន​ YTC Stadium ក្នុងទីក្រុង​យ៉ាំង​ហ្គោន នា​រសៀល​ថ្ងៃសៅរ៍នេះ។

   

មីយ៉ាន់​ម៉ា​រក​បាន​ចំនួន​ពីរ​គ្រាប់​តាម​រយៈ​ការ​តែត​បញ្ចូល​ទីទាំងពីរ​​នៅ​ក្នុងតង់ទីមួយ ដែល​គ្រាប់​ទីមួយ រក​បាន​ដោយខ្សែ​ការពារ Zaw Min Tun និង​មួយ​គ្រាប់​ទៀតសម្រេច​បាន​ដោយខ្សែប្រយុទ្ធ Kyaw Ko Ko។ នៅ​ដើម​តង់ទីពីរ Kyaw Ko Ko បន្ថែម​បាន​មួយគ្រាប់​ទៀត។  

សុខ ផេង និង ឈិន ឈឿន សុទ្ធ​តែមាន​ឱកាស​មាសរៀងៗ​នៅ​ក្នុងតង់​ទីមួយ ប៉ុន្តែ​ឱកាសទាំង​នោះ ​ត្រូវ​បាន​រារាំង​ដោយអ្នក​ចាំទីមីយ៉ាន់ម៉ា។ នៅ​ក្នុងតង់ទីពីរ មីយ៉ាន់ម៉ា​នៅ​តែ​បង្កើន​ការវាយលុក ខណៈ ស៊ូ យ៉ាទី ធ្វើ​ការ​រារាំង​បាន​ជាច្រើនលើក។  

សម្រាប់​ការ​ប្រកួ​តគូ​ទីមួយ U-23 ថៃ បាន​ទទួល​ជ័យ​ជម្នះ ៣-១ លើ​ U-23 ទីម័រ​ខាង​កើត។ ខ្សែការ​ពា​រ Thitipan Puangchan រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​បើក​ឆាក​នៅ​ក្នុងនាទី​ ទី​២ ហើយ​ខ្សែ​បម្រើ Pokkhao Anan បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​ក្នុងនាទី ទី​៣៤។ ខ្សែការពារ Artit Daosawang បង្កើន​ការ​នាំមុខ ៣-០ សម្រាប់​ថៃនៅ​ដើម​តង់​ទីពីរ ខណៈ ខ្សែ​ប្រយុទ្ធ Jose Carlos da Fonseca វាយ​បក​បាន​មួយ​គ្រាប់​វិញ​សម្រាប់ទីម័រ​នៅ​នាទី ទី​៧២ ។  

ក្រុម​កីឡាករ​កម្ពុជា៖ ស៊ូ យ៉ាទី សុក សុវណ្ណ ទូច បញ្ចរ៉ុង (ស្រី ឧត្តម) ខែក ខេមរិន្ទ ប៊ិន ចន្ថាធារី រស់ សំអឿន សុះ ស៊ូហាណា ឈិន ឈឿន ឈុន​ សុធារ័ត្ន សុខ ផេង (ប្រាក់ មុន្នីឧត្តម) ភួង សុខសាណា (ចាន់ វឌ្ឍនាកា)៕            

© រក្សាសិទ្ធិដោយ thmeythmey.com