អនុប្រធានផ្សារអូរឫស្សី បកស្រាយពីមូលហេតុដែលទៅស្រុកនៅកំពង់ឆ្នាំងអំឡុងធ្វើចត្តាឡីស័ក
COVID-19
ជាតិ
អនុប្រធានផ្សារអូរឫស្សី បកស្រាយពីមូលហេតុដែលទៅស្រុកនៅកំពង់ឆ្នាំងអំឡុងធ្វើចត្តាឡីស័ក
10, Apr 2021 , 6:29 pm        
រូបភាព
លោក ឆាយ ធារ៉េន អនុប្រធានផ្សារអូរឫស្សី(រូបពីហ្វេសប៊ុករបស់លោក ឆាយ ធារ៉េន)
លោក ឆាយ ធារ៉េន អនុប្រធានផ្សារអូរឫស្សី(រូបពីហ្វេសប៊ុករបស់លោក ឆាយ ធារ៉េន)
ភ្នំពេញ៖ លោក ឆាយ ធារ៉េន អនុប្រធានផ្សារអូរឫស្សី បានបកស្រាយពីមូលហេតុដែលខ្លួន ទៅស្រុកនៅកំពង់ឆ្នាំង អំឡុងធ្វើចត្តាឡីស័ក។ លោកបានស្រាយបំភ្លឺថា ការដែលលោកចេញពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំងអំឡុងធ្វើចត្តាឡីស័ក ព្រោះរាល់ថ្ងៃ លោកស្នាក់នៅកន្លែងធ្វើការ ហើយនៅពេលគេបិទផ្សារ មិនដឹងត្រូវហូបបាយនៅទីណា។

 
បើតាមគណនីហ្វេសប៊ុក របស់លោក ឆាយ ធារ៉េន ដែលជាអនុប្រធានផ្សារអូរឫស្សី នៅថ្ងៃទី៦ មេសា លោកបានទៅធ្វើតេស្តយកសំណាក នៅវិទ្យាល័យបាក់ទូក។ បន្ទាប់ពីយកសំណាករួច នៅម៉ោង ៤ រសៀលថ្ងៃដដែល លោកបានធ្វើដំណើរទៅស្រុកកំណើត ដែលស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
 
«រាល់ថ្ងៃ ខ្ញុំស្នាក់នៅកន្លែងធ្វើការ។ ពេលនេះផ្សារត្រូវបិទ ហើយខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ខ្ញុំមិនដឹងថា ត្រូវហូបបាយទឹក របៀបណា ខ្ញុំក៏សម្រេចចិត្តមកផ្ទះនៅកំពង់ឆ្នាំង»។ នេះបើតាមអនុប្រធានផ្សារអូរឫស្សី បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុក។ 
 
បុរសរូបនេះបន្ថែមថា ដ្បិតលោកមកនៅស្រុក នៅខេត្តកំពង់ឆ្នាំង តែលោក មិនបាននៅជុំជាមួយគ្រួសារនោះទេ ដោយលោកនៅផ្ទះម្ដាយមីង ដែលទុកចោល ហើយឲ្យអ្នកផ្ទះ យកបាយទឹកឲ្យលោកត្រឹមមុខផ្ទះប៉ុណ្ណោះ ហើយលទ្ធផលតេស្ត របស់លោកក៏អវិជ្ជមានដែរ។
 
បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗ មានករណីមនុស្សចំនួនប្រមាណ ៤០នាក់ បានលួច ធ្វើដំណើរពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង អំឡុងបម្រាមហាមឃាត់ មិនឲ្យមានការឆ្លងពីខេត្តមួយទៅខេត្តមួយ លើកលែងតែខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ បច្ចុប្បន្នទាំង ៤០នាក់ ត្រូវបានអាជ្ញាធរ ដាក់ឲ្យធ្វើចត្តាឡីស័ក និងបន្តតាមសុខភាពរបស់ពួកគាត់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com