COVID-19
ជាតិ
អាជ្ញាធរ បិទខ្ទប់ភូមិ៣ទៀត ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដែលជាតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំង
11, Apr 2021 , 12:00 pm        
រូបភាព
អាជ្ញាធរ ដាក់រនាំងឃាត់ការធ្វើដំណើររបស់ពលរដ្ឋ នៅចំណុចមុខវត្តស្ទឹងមានជ័យចាស់ កាលពីព្រឹថ្ងៃទី១០ មេសា។
អាជ្ញាធរ ដាក់រនាំងឃាត់ការធ្វើដំណើររបស់ពលរដ្ឋ នៅចំណុចមុខវត្តស្ទឹងមានជ័យចាស់ កាលពីព្រឹថ្ងៃទី១០ មេសា។
ដោយ:
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ភូមិចំនួន៣បន្ថែមទៀត នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ គឺទ្រា៤ ភូមិដំណាក់ធំ២ ភូមិដំណាក់ធំ៣។ តាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០មេសា ភូមិទាំង៣នេះ ជាតំបន់រីករាលដាលខ្លាំងជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ មានរយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី ២៤មេសានេះក្នុងបំណងទប់ស្កាត់ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩។


 
បើតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលនៃបិទខ្ទប់នេះ អាជ្ញាធរមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងភូមិមានការជួបជុំនោះទេ លើកលែងតែការជួបជុំដែលចាំបាច់ប៉ុណ្ណោះ។ ប្រជាពលរដ្ឋក្នុងភូមិដែលបិទខ្ទប់ ក៏មិនអាចធ្វើដំណើរចេញពីតំបន់នេះដែល លើកលែងតែអ្នកត្រូវបំពេញការងារ ហើយដែលមានលិខិតអនុញ្ញាត ឬការទៅពិនិត្យសុខភាព និងការទៅធ្វើតេស្តរកជំងឺកូវីដ-១៩។ 
 
ការចេញទៅទិញគ្រឿងបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ប៉ុន្តែសម្រាប់ការចេញមិនអាចលើសពី ២នាក់ទេ ក្នុងមួយគ្រួសារ។ 
 
គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទ ភូមិចំនួន៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ និងបិទខ្ទប់សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២ ក្នុងខណ្ឌមានជ័យទាំងមូល។ បិទខ្ទប់ភូមិចំនួន២ ក្នុងសង្កាត់ចោមចៅទី១, ភូមិចំនួន៤ ក្នុងសង្កាត់កាកាបទី១ និងភូមិ១ ក្នុងសង្កាត់កាកាបទី២ ក្នុងខណ្ឌពោធិសែនជ័យ និងភូមិ១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com