COVID-19
ជាតិ
ពលរដ្ឋប្រមាណ ៣០០នាក់ ដែលលួចធ្វើដំណើរចូលខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក
11, Apr 2021 , 5:29 pm        
រូបភាព
សកម្មភាពប៉ូលិសត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង រូបភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង
សកម្មភាពប៉ូលិសត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង រូបភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ពលរដ្ឋប្រមាណ ៣០០នាក់ ដែលលួចធ្វើដំណើរចូលខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា។  ជាវិធានការដែលលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។


 
ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ដែលលួចធ្វើដំណើរចូលខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានបម្រាមធ្វើដំណើរឆ្លងខេត្តនោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានានៅក្នុងខេត្ត និងនៅតាមស្រុកមួយមួយចំនួន ដូចជាស្រុករលាប្អៀរ កំពង់ត្រឡាច និងស្រុកទឹកផុស។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការយកទៅធ្វើចត្តាឡីស័កនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
 
បើតាមអភិបាលខេត្តរូបនេះ ពលរដ្ឋទាំងនោះ ភាគច្រើនជាកម្មករក្រៅប្រព័ន្ធ ដែលធ្វើការនៅភ្នំពេញ និងតាមខេត្តមួយចំនួន ហើយលួចធ្វើដំណើរតាមផ្លូវកាត់ ប៉ុន្តែត្រូវបានអាជ្ញាធរភូមិ-ឃុំ ក្តោបជាប់ និងមិនអនុញ្ញាតឱ្យចូលភូមិឡើយ។ 
 
ពលរដ្ឋដែលធ្វើដំណើរចូលខេត្តកំពង់ឆ្នាំង ភាគច្រើនធ្វើដំណើរតាមម៉ូតូ និងរថយន្តដឹកទំនិញដែលឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។ លោក ឈួរ ច័ន្ទឌឿន បញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់វិធានការតឹងរឹង ដោយត្រួតពិនិត្យតាមរថយន្តដឹកទំនិញនានា រួមទាំងដាក់កម្លាំងត្រួតពិនិត្យនៅតាមព្រំប្រទល់ខេត្តជាប់ខេត្តកំពង់ឆ្នាំងផងដែរ។ អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរមកស្រុកកំណើត ចៀសវាងការឆ្លងចូលសហគមន៍កាន់តែខ្លាំង។ 
 
កាលពីថ្ងៃទី៦ មេសាកន្លងទៅ រដ្ឋាភិបាលបានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយ។ ក្រោយចេញបម្រាមធ្វើដំណើរឆ្លងខេត្ត មានប្រជាពលរដ្ឋមួយចំនួន នៅតែបន្តធ្វើដំណើរទៅកាន់ស្រុកកំណើត ជាក់ស្ដែងខេត្តកំពង់ឆ្នាំង បានហាមឃាត់មនុស្សប្រមាណ ៣០០នាក់ និងនាំយកទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ 
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល។  
 
 ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

Tag:
 COVID-19
  កំពង់ឆ្នាំង
 ឈួរ ច័ន្ទឌឿន
© រក្សាសិទ្ធិដោយ thmeythmey.com