ជាតិ
លោក សុខ វិជ្ចា ចែករំលែការដាំ វ៉ាន់នីឡា នៅតំបន់ដែលមានអាកាសធាតុត្រជាក់ និងតំបន់ក្តៅ
11, Apr 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ វ៉ាន់នីឡា ជាដំណាំមួយប្រភេទ ដែលមិនសូវសម្បូរនោះទេ ក្នុងប្រទេសកម្ពុជា ព្រោះដំាំណាំប្រភេទនេះត្រូវការអាកាសធាតុត្រជាក់ និងបច្ចេកទេសដាំដុះខ្ពស់។ ដ្បិតលក្ខខណ្ឌអាកាសធាតុនៅកម្ពុជា មិនសូវអំណោយផលសម្រាប់ដំណាំនេះ តែក៏មានវិធីសាស្រ្តកែច្នៃមួយចំនួន ដើម្បីឲ្យតំបន់នោះអាចដាំដុះវ៉ាន់នីឡាបានដែរ។

 
លោក សុខ វិជ្ចា អតីតនិស្សិតកម្មសិកម្ម និងជាអ្នកដាំដំណាំវ៉ាន់នីឡា ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចែករំលែកពីវិធីសាស្រ្ត និងបច្ចេកទេសមួយចំនួន ដល់អ្នកមានបំណងដាំដំណាំវ៉ាន់នីឡា ត្រូវសិក្សាស្វែងយល់ពីបច្ចេកទេសខ្លះៗ។ ដើម្បីដាំដំណាំវ៉ាន់នីឡា ទទួលបានទិន្នផល លោក សុខ វិជ្ចា បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូចច្នេ៖«ដំបូងត្រូវរើសទីតាំង វ៉ាន់នីឡា ជាអំបូរផ្កាកេសរកូល ដូច្នេះវាមិនត្រូវការដីសម្រាប់រស់នោះទេ គ្រាន់តែមានស្រកីដូង ដើម្បីឲ្យវាចាក់ឫសប៉ុណ្ណោះ»។ 
 
លោក វិជ្ចា បន្ថែមថា សម្រាប់កម្ពុជា មានអាកាសធាតុមិនសូវអំណោយផលនោះទេ ដូច្នេះកន្លែងដែលអាចដាំវ៉ាន់នីឡាបាន មាននៅខេត្តមណ្ឌលគិរី រតនគិរី តែសម្រាប់តំបន់ផ្សេង អាចធ្វើជាផ្ទះសំណាញ់ ឬដាំដើមឈើធំៗ ដើម្បីបង្កើនម្លប់ ទើបអាចដាំ វ៉ាន់នីឡាបាន។ 
 
ការជ្រើសពូជវ៉ាន់នីឡា ជាកត្តាសំខាន់ ដូច្នេះត្រូវជ្រើសរើសពូជឲ្យបានត្រឹមត្រូវ។ វ៉ាន់នីឡា មានពូជ ៣ប្រភេទខុសៗ គ្នា តែពូជដែលអាចដាំលើដីទំនាប ហើយអាចដាំនៅខ្មែរមានពីរប្រភេទ គឺវ៉ាន់នីឡា Pompona និងវ៉ាន់នីឡា Tahitensis ដែលវ៉ាន់នីឡា ពីរប្រភេទនេះ អាចធន់នឹងអាកាសធាតុ និងជំងឺ។
 
បើតាមលោក វិជ្ចា ការដាំវ៉ាន់នីឡា ត្រូវរៀបចំជន្លង់ ដូចដាំម្រេចអ៊ីចឹងដែរ ដូច្នេះត្រូវរៀបចំគម្លាតពីជន្លង់មួយ ទៅជន្លង់មួយឲ្យបានមួយម៉ែត្រពីគ្នា។ ហើយត្រូវយកបន្ទះឈើ មកបាំងជុំវិញ ដើម្បីដាក់ស្រកីដូង។ ត្រូវរៀបចំប្រព័ន្ធទឹក នៅតាមជួររងនីមួយៗ ដើម្បីងាយស្រួលស្រោចស្រព និងត្រូវយកស្បៃធ្វើដំបូលគ្របពីលើ ដើម្បីកាត់បន្ថយកម្ដៅ។
 
ដើម្បីដាំវ៉ាន់នីឡា ត្រូវយកស្រកីដូងម៉ត់ លាយជាមួយជីកំប៉ុស្ដិ រួចយកទៅដាក់ក្នុងបន្ទះឈើ។ បន្ទាប់មកត្រូវដើមវ៉ាន់នីឡា ដាំក្នុងស្រកីដូង រួចយកខ្សែចងជាប់នឹងជន្លង់ ដើម្បីឲ្យវ៉ាន់នីឡា អាចវាឡើងលើនោះ។ វ៉ាន់នីឡា មិនពិបាកមើលថែនោះទេ គ្រាន់តែយើងស្រោចទឹកឲ្យបានទៀងទាត់។ ពេលព្រឹក និងពេលល្ងាច ជាពេលវេលាល្អសម្រាប់ស្រោចទឹក អាចស្រោចម្ដង ឬពីរដង ក្នុងមួយថ្ងៃ ទៅតាមអាកាសធាតុ។
 
ជាទូទៅដំណាំវ៉ាន់នីឡា ចាប់ផ្ដើមផ្ដល់ផលនៅអាយុ មួយឆ្នាំ ទៅមួយឆ្នាំកន្លះ វាអាស្រ័យលើអាកាសធាតុ និងការមើលថែ។ គេអាចយកវ៉ាន់នីឡា ធ្វើជាគ្រឿងសម្អាង ការ៉េម និងភេសជ្ជៈ ច្រើនប្រភេទទៀត៕




រូបភាពផ្ដល់ដោយ លោក សុខ វិជ្ចា


លោក សុខ វិជ្ចា មើលថែដំណាំវ៉ាន់នីឡា


Tag:
 វ៉ាន់នីឡា
 សុខ វិជ្ចា
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com