អន្តរជាតិ
សំណុំរឿងតៃវ៉ាន់៖ អាមេរិកព្រមានចិនថា ការកែប្រែស្ថានភាពបច្ចុប្បន្នដោយកម្លាំង ជាកំហុសធ្ងន់ធ្ងរ
12, Apr 2021 , 12:36 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន នៅថ្ងៃទី១១ ខែមេសា បានរិះគន់ចិនចំៗចំពោះសកម្មភាពបំពានរបស់ចិននៅក្បែរតៃវ៉ាន់។ ជាមួយនឹងការប្រកាសការប្ដេជ្ញាចិត្តរបស់អាមេរិកដើម្បីជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួននោះ លោក ប្ល៊ីងខិន ព្រមានថា ការប៉ុនប៉ងកែប្រែស្ថានភាពតំបន់ប៉ាស៊ីនហ្វិកដោយប្រើកម្លាំងយោធា ជាកំហុសដ៏ធ្ងន់ធ្ងរ។

 
ក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន បាននិយាយដោយមិនលាក់លៀមពីក្ដីបារម្ភរបស់អាមេរិកជុំវិញសកម្មភាពរបស់យោធាចិននៅក្បែរកោះតៃវ៉ាន់ ដែលកើនឡើងខ្លាំងនៅរយៈពេលចុងក្រោយទាំងផ្លូវអាកាស និងផ្លូវទឹក។ លោកក៏ផ្ញើសារឱ្យចិនប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ខ្លួនផងដែរ។
 
លោក ប្ល៊ីងខិន ហៅសកម្មភាពយោធារបស់ចិននៅក្បែរៗកោះតៃវ៉ាន់នៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ជាការធ្វើឱ្យតំបន់តានតឹង។ លោកបន្តថា អ្វីដែលអាមេរិកមើលឃើញ និងជាអ្វីដែលអាមេរិកបារម្ភ គឺសកម្មភាពឈ្លានពានដែលកើនឡើងរបស់រដ្ឋាភិបាលប៉េកាំងសំដៅតៃវ៉ាន់។ ទន្ទឹមការបារម្ភនេះ លោក ប្ល៊ីងខិន ក៏បញ្ជាក់ជាមួយថ្មីការតាំងចិត្តរបស់អាមេរិកទៅកាន់តៃវ៉ាន់ដើម្បីធានាថា ដែនកោះមួយនេះមានសមត្ថភាពការពារខ្លួន និងធានាពីសន្តិសុខ និងសន្តិភាពក្នុងតំបន់។
 
ឯរឿងថា អាមេរិក នឹងឆ្លើយតបដោយយោធាទៅនឹងសកម្មភាពរបស់ចិនឬយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះមិនផ្ដល់ចម្លើយឡើយ ព្រោះជារឿងមិនទាន់កើត។ លោកសង្កត់ធ្ងន់ថា៖ «អ្វីដែលខ្ញុំប្រាប់បាន គឺវាជាកំហុសធ្ងន់ធ្ងរសម្រាប់អ្នកណាដែលប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពដើមដោយប្រើកម្លាំង។»
 
ការប្រើកម្លាំងទ័ពដើម្បីវាយដណ្ដើមតៃវ៉ាន់ ជាជម្រើសចុងក្រោយរបស់ទីក្រុងប៉េកាំង បើការបង្រួបបង្រួមដោយសន្តិវិធីមិនអាចធ្វើបានទេនោះ។ មួយរយៈពេលចុងក្រោយ យោធាចិនធ្វើសកម្មភាពញឹកញយខ្លាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ដែលខណ្ឌចែកចិនដីគោក និងតៃវ៉ាន់។ កងទ័ពជើងទឹកចិន ក៏ធ្វើសមយុទ្ធកាន់តែច្រើននៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្បែរៗតៃវ៉ាន់ ខណៈយន្តហោះចម្បាំងជាច្រើន ក៏ហោះឆ្វែលដែនកោះនេះដែរ។
 
តៃវ៉ាន់ ក៏មិនស្ងៀមដែរ ដោយពង្រឹងកម្លាំងយោធារបស់ខ្លួនមិនឈប់ឈរ។ ដ្បិតគ្មានទំនាក់ទំនងផ្លូវការ តៃវ៉ាន់នាំចូលអាវុធជាច្រើនពីអាមេរិក សំដៅធ្វើខ្លួនឱ្យដូចជាកាំប្រម៉ា។ កម្លាំងតូចតែមានអាវុធការពារខ្លាំង នឹងធ្វើឱ្យចិនពិបាកយកឈ្នះពេលមានសង្រ្គាមកើតឡើង៕
 
 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com