COVID-19
ជាតិ
ទៅធ្វើតេស្ត ដល់លទ្ធផលវិជ្ជមានកូវីដ បែរជាមិនអាចទាក់ទងបាន, ជាកំហុសអ្នកណា?
12, Apr 2021 , 2:00 pm        
រូបភាព
អាជីវករនៅផ្សារចាស់ រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរកវីរុសកូវិដ-១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរ សម្រេចបិទផ្សារចាស់បណ្តោះអាសន្ន ក្រោយរកឃើញមនុស្សក្នុងផ្សារនេះផ្ទុកជំងឺកូវីដ-១៩។ រូបដោយ៖ សៅ ផលនិស្ស័យ
អាជីវករនៅផ្សារចាស់ រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរកវីរុសកូវិដ-១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរ សម្រេចបិទផ្សារចាស់បណ្តោះអាសន្ន ក្រោយរកឃើញមនុស្សក្នុងផ្សារនេះផ្ទុកជំងឺកូវីដ-១៩។ រូបដោយ៖ សៅ ផលនិស្ស័យ
អាជ្ញាធរ ត្រូវពិនិត្យឲ្យច្បាស់លាស់ថា មិនមានអ្នកណាម្នាក់ ដែលមិនបានបំពេញលេខទូរស័ព្ទ និងអាសយដ្ឋានរស់នៅ ក្នុងលិខិតទម្រង់បែបបទសុំធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ នៅពេលពួកគាត់ ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ អាជ្ញាធរ ក៏ត្រូវសួរបញ្ជាក់អ្នកទៅធ្វើតេស្តដែរថា លេខទូរស័ព្ទនិងអាសយដ្ឋាន ដែលពួកគាត់ផ្តល់ឲ្យ គឺត្រឹមត្រូវនិងអាចទាក់ទងបាន។



នៅពេលបុគ្គលណាម្នាក់ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ វា ជារឿងសំខាន់បំផុត ដែលបុគ្គលនោះ ត្រូវផ្តល់មធ្យោបាយសម្រាប់ទាក់ទង ជាពិសេស លេខទូរស័ព្ទនិងអាសយដ្ឋានរស់នៅ ទៅអាជ្ញាធរ។ នៅពេលមានលេខទូរស័ព្ទ និងអាសយដ្ឋានក្នុងដៃ អាជ្ញាធរ អាចទាក់ទងនិងទៅយកអ្នកជំងឺកូវីដ-១៩ បញ្ជូនទៅព្យាបាលបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែ វា ជាហានិភ័យខ្ពស់នៃការរាលដាលជំងឺកូវីដ-១៩ នៅពេលអាជ្ញាធរ មិនអាចទាក់ទងបាន ឬរកអ្នកជំងឺកូវីដ-១៩ មិនឃើញ ដោយសារតែពួកគាត់ មិនបានផ្តល់លេខទូរស័ព្ទនិងអាសយដ្ឋាន ពេលទៅធ្វើតេស្ត។

ហេតុអ្វី ពួកគាត់ មិនសរសេរលេខទូរស័ព្ទនិងអាសយដ្ឋាន ក្នុងលិខិតទម្រង់បែបបទសុំធ្វើតេស្តរកវីរុសកូវីដ-១៩? ពួកគាត់ ភ្លេចបំពេញ ឬពួកគាត់ មិនមានទូរស័ព្ទ មិនមានអាសយដ្ឋាន? ឬពួកគាត់ មានចេតនាមិនផ្តល់ឲ្យអាជ្ញាធរ? ឬពួកគាត់ ផ្តល់ឲ្យដែរ តែលេខទូរស័ព្ទនិងអាសយដ្ឋានោះ មិនត្រឹមត្រូវ? បើពួកគាត់ មិនផ្តល់ឲ្យ ហេតុអ្វី អាជ្ញាធរ មិនសួរហេតុផល?

ឬដោយសារតែអ្នកទៅធ្វើតេស្ត មានចំនួនច្រើនពេក ដែលធ្វើឲ្យអាជ្ញាធរ មិនបានពិនិត្យមើលលិខិតទម្រង់បែបបទបានទាំងអស់ ហើយពេលអ្នកទៅធ្វើតេស្តណាម្នាក់ មិនបានបំពេញលេខទូរស័ព្ទនិងអាសយដ្ឋាន អាជ្ញាធរ ក៏មិនបានដឹង?

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ថា មានអ្នកជំងឺកូវីដ-១៩ ដល់៥៦នាក់ ដែលអាជ្ញាធរ មិនអាចទាក់ទងបាន និងរកមិនឃើញ ព្រោះពេលទៅធ្វើតេស្ត ពួកគាត់ មិនបានបំពេញលេខទូរស័ព្ទនិងអាសយដ្ឋានពិតប្រាកដ ក្នុងលិខិតទម្រង់បែបបទសុំធ្វើតេស្ត។ មធ្យោបាយ ដែលអាជ្ញាធរ អាចធ្វើបាន គឺបង្ហាញអត្តសញ្ញាណរបស់ពួកគាត់ ជាសាធារណៈ ហើយអំពាវនាវឲ្យពួកគាត់ ប្រញប់ទាក់ទៅអាជ្ញាធរ។

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី១២ ខែមេសានេះថា ក្នុងចំណោម៥៦នាក់នោះ មាន៤៧នាក់ហើយ ដែលបានទាក់ទងទៅអាជ្ញាធរ ដោយនៅសល់៩នាក់ទៀត ដែលមិនទាន់ទាក់ទងទៅអាជ្ញាធរ។ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានអ្នកទាំង៩នាក់នោះថា ក្នុងរយៈពេល៣ថ្ងៃទៀត បើពួកគាត់ មិនទាក់ទងទៅអាជ្ញាធរ ឬមិនទៅបង្ហាញខ្លួននៅចំពោះមុខអាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងសំណុំរឿងរបស់ពួកគាត់ទៅតុលាការ។

លើសពីនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថែមទាំងព្រមានអ្នកទាំង៩នាក់នោះ អំពីការប្រឈមនឹងការជាប់ពន្ធនាគារ បើពួកគាត់ មិនព្រមបង្ហាញខ្លួន ដើម្បីឲ្យអាជ្ញាធរ បញ្ជូនទៅព្យាបាល។ លោក សរសរលើទំព័រហ្វេសប៊ុកថា៖«សូមផ្តាំទៅអ្នកទាំង៩រូប ដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួន ដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ»។

អមជាមួយនឹងសារព្រមាននេះ លោក គឹម សន្តិភាព បានបង្ហោះខ្លឹមសារនៃមាត្រា៨ក្នុងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចែងពីការដាក់ទោសលើអ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩។ មាត្រា៨នៃច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ចែងថា អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ហើយបើការគេចវេះនោះ បណ្តាលឲ្យឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ នឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអធិប្បាយនោះទេ ដោយលោក លើកហេតុផលថា ការយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ មិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរឡើយ ហើយក៏មិនមែនជាសមត្ថកិច្ច ដែលលោក ត្រូវឆ្លើយដែរ។ លោក បន្តថា អាជ្ញាធរ គ្រាន់តែជួយសម្រួលជាមួយក្រុមគ្រូពេទ្យប៉ុណ្ណោះ ចំពោះកិច្ចការយកសំណាក ដូច្នេះ បើចង់ដឹងពីមូលហេតុពាក់ព័ន្ធនឹងបញ្ហានេះ គឺត្រូវសួរទៅខាងក្រសួងសុខាភិបាល។

សារព័ត៌មានថ្មីៗ ព្យាយាមហៅទូរស័ព្ទទៅអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំឲ្យបំភ្លឺពីមូលហេតុ ដែលអ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ មិនបានផ្តល់លេខទូរស័ព្ទនិងអាសយដ្ឋាន តែក្រុមហ៊ុនទូរស័ព្ទ ប្រាប់ថា លេខទូរស័ព្ទរបស់អ្នកស្រី កំពុងជាប់រវល់។ ចំណែក លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនទទួលការហៅចូល។

បញ្ហានេះ មិនមែនទើបតែកើតឡើងនោះទេ។ កាលពីថ្ងៃទី៧ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសម្តងរួចមកហើយ អំពីករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលអាជ្ញាធរ មិនអាចទាក់ទងបាននិងមិនអាចរកឃើញ ដោយសារតែអ្នកជំងឺនោះ មិនបានបំពេញលេខទូរស័ព្ទនិងអាសយដ្ឋាន ក្នុងលិខិតទម្រង់បែបបទសុំធ្វើតេស្ត។

ពេលខ្លះ ដោយសារការងារច្រើនឬមនុស្សច្រើន អាជ្ញាធរ អាចនឹងហត់នឿយនិងធ្លោះធ្លោយបន្តិចបន្តួចដោយចៀសមិនរួច និងពិបាកបន្ទោស។ តែយ៉ាងណា ចំពោះអ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ អាជ្ញាធរដែលគ្រប់គ្រងការងារនៅកន្លែងយកសំណាក គប្បីពិនិត្យឲ្យបានល្អិតល្អន់និងម៉ត់ចត់ នៅពេលពួកគាត់ បំពេញព័ត៌មានក្នុងលិខិតទម្រង់បែបបទសុំធ្វើតេស្ត ជាពិសេសលេខទូរស័ព្ទ និងអាសយដ្ឋានរស់នៅរបស់ពួកគាត់។

នៅពេលអាជ្ញាធរ រកឃើញអ្នកជំងឺកូវីដ-១៩ភ្លាមៗ វា ជាវិធានការមានប្រសិទ្ធភាពមួយ ដែលអាចទប់ស្កាត់ការរាលជំងឺកូវីដ-១៩។ ផ្ទុយទៅវិញ បើអាជ្ញាធរ មិនអាចរកឃើញអ្នកជំងឺកូវីដ-១៩បានភ្លាមៗ ដោយសារតែគ្មានលេខទូរស័ព្ទនិងអាសយដ្ឋានរបស់ពួកគាត់ គឺពួកគាត់ អាចនឹងចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។ ដូច្នេះ ការមានលេខទូរស័ព្ទនិងអាសយដ្ឋានរស់នៅរបស់ពួកគាត់ គឺជារឿងសំខាន់បំផុតសម្រាប់អាជ្ញាធរ។ ចំណែក អ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដាច់ខាតត្រូវតែផ្តល់លេខទូរស័ព្ទនិងអាសយដ្ឋាន ដល់អាជ្ញាធរ៕ 



Tag:
 ធ្វើតេស្តរកវីរុសកូវីដ-១៩
  មិនផ្តល់លេខទូរស័ព្ទ
  មិនផ្តល់អាសយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com