COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បន្ត​បម្រាមគោចររហូតដល់ថ្ងៃទី២៨​ ខែមេសា
13, Apr 2021 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
វិធានការរដ្ឋបាលជាបណ្តោះអាសន្ន​ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩ ត្រូវបន្តអនុវត្ត២សប្តាហ៍បន្ថែមទៀត ពោលគឺពី​ថ្ងៃទី​១៥ រហូត​ដល់ថ្ងៃទី២៨ ខែមេសា។ នេះ​បើតាម​សេចក្តីសម្រេច​របស់​អភិបាល​រាជធានីភ្នំពេញ នា​ថ្ងៃទី​១៣ ខែ​មេសា ចាប់ពីម៉ោង​៨យប់ ដល់ម៉ោង៥ភ្លឺ។ វិធានការ​ដំបូងនឹងឈានដល់​រាត្រីទី១៣ នាថ្ងៃទី១៣ ខែមេសា នេះ។



សេចក្តីសម្រេចនេះ គឺមាន​វិសាលភាពដូចសេចក្តីសម្រេចលើកដំបូងផងដែរដោយ​ សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។



ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត៕

Tag:
 បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com