ជាតិ
សុខភាព
អភិបាលខេត្តសៀមរាប បិទខ្ទប់ផ្សារក្រោម និងផ្សារវត្តអធ្វារ ក្រោយមានអាជីវករឆ្លងកូវីដ-១៩ អាជ្ញាធរចុះបិទផ្សារក្រោម កាលពីថ្ងៃទី១២មេសា ឆ្នាំ២០២១។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប
× ភ្នំពេញ៖ រសៀលថ្ងៃទី១៣មេសា លោក ទៀ សីហា អភិបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ (Lockdown) ផ្សារក្រោម ស្ថិតនៅសង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វារ ក្នុងសង្កាត់សៀមរាប ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។ សេចក្តីសម្រេចរបស់ លោក ទៀ សីហា បានបញ្ជាក់ថា វិធានការបិទខ្ទប់ផ្សារទាំងពីរនេះ គឺមានរយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១២ ដល់២៥មេសា ឆ្នាំ២០២១។
កាលពីយប់ថ្ងៃទី១២មេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣នាក់បន្ថែមទៀត ដែលបានឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកទាំង៣នាក់ គឺជាសមាជិកគ្រួសាររបស់បុរសវិជ្ជមានកូវីដ-១៩ ដែលអាជ្ញាធរបានរកឃើញនៅពេលថ្ងៃ (១២មេសា) ហើយបុរសនោះ មានការពាក់ព័ន្ធនឹងករណីបុរសអ្នករត់តាក់ស៊ី ដែលតេស្ដវិជ្ជមានកូវីដ១៩ កាលពីចុងខែមីនាកន្លងទៅ។ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ដែរថា ក្រុមគ្រួសារនៃអ្នកឆ្លងជំងឺកូវីដ-១៩នេះ គឺជាអាជីវករលក់ដូរ នៅផ្សារក្រោម និងផ្សារវត្តអធ្វារ។
បើតាមសេចក្តីសម្រេចរបស់ លោក ទៀ សីហា នាថ្ងៃទី១៣មេសានេះ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ទីតាំងផ្សារខាងលើ បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូល ពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ដោយលើកលែងចំពោះករណីចាំបាច់តែប៉ុណ្ណោះ។
មកដល់ពេលនេះ ខេត្តសៀមរាប មានមនុស្ស១៣នាក់ បានឆ្លងកូវីដ-១៩ ពីព្រឹត្តិការណ៍សហគម២០កុម្ភៈ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសមានសរុប៤៦៩៦ករណី ក្នុងនោះ៤១៦០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២,២៥២នាក់ បានជាសះស្បើយវិញ រីឯអ្នកស្លាប់ឡើងដល់៣៣នាក់៕
Tag:
បិទផ្សារ
COVID-19
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com