COVID-19
ជាតិ
កូនអើយ មិនបាច់ប្រឹងរកផ្លូវមកផ្ទះទេ!
13, Apr 2021 , 6:20 pm        
រូបភាព
ដោយ: រួបរួម
តើឪពុកម្តាយណាមិនចង់ជួបកូនៗ? តើកូនមួយណាដែលមិនចង់ទៅលេងស្រុកកំណើត? ណ្ហើយចុះ ក្នុងកាលៈទេសៈនេះ មានតែកាត់ចិត្ត និងស៊ូទ្រាំប៉ុណ្ណោះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ចូលឆ្នាំនៅផ្ទះ! ចូលឆ្នាំនៅបន្ទប់ជួល! ចូលឆ្នាំនៅទីតាំងដែលយើងកំពុងរស់នៅ!



ការធ្វើដំណើរទៅកាន់ស្រុកកំណើត និងការជួបជុំគ្នានាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងបង្កហានីភ័យខ្ពស់ដល់ការឆ្លងកូវីដ-១៩ ពិសេសពីសំណាក់អ្នកដំណើរពីរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងរាលដាលយ៉ាងខ្លាំង។ កាលពីយប់ថ្ងៃទី៦ ខែមេសា សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា រីឯអាជ្ញាធររាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានអនុវត្តវិធានការរដ្ឋបាលបុណ្តោះអាសន្ន ឬបម្រាមគោចរ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។



ទោះបីជាមានការណែនាំ វិធានការ និងបទបញ្ជាជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏នៅតែមានពលរដ្ឋមួយចំនួន ព្យាយាមរកផ្លូវ និងមធ្យោបាយផ្សេងៗ ដើម្បីទៅស្រុកកំណើតរបស់ខ្លួន ដោយអ្នកខ្លះថែមទាំងបំពានវិធានចត្តាឡីស័កផងដែរ។ ឧទាហរណ៍ជាក់ស្តែងនៅកំពង់ឆ្នាំង អាជ្ញាធរបានរកឃើញអ្នកចូលឆ្លងខេត្តជាង១០០នាក់ ហើយបានយកពួកគេទៅធ្វើចត្តាឡីស័ក។ នៅខេត្តព្រៃវែងឯណោះវិញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ដែលរកឃើញកាលពីថ្ងៃទី១២ ខែមេសា គឺជាអ្នកបំពានចត្តាឡីស័ក ដោយ៥នាក់ទៅពីភ្នំពេញ និង១នាក់ពីខេត្តព្រះសីហនុ។

ទៅធ្វើអ្វី? នឹកស្រុកដោយអត់ទ្រាំមិនបាន? ខ្លាចដូនតាខឹង? ឬជាប់ណាត់មិត្តភក្តិផឹកស៊ី? ពេលវេលានេះ រាល់ហេតុផលទាំងឡាយ  សុទ្ធតែមិនអាចយកជាការបាននោះឡើយ លើកលែងតែករណីចាំបាច់ផ្សេងៗ ដូចដែលរដ្ឋាភិបាលបានចែងតែប៉ុណ្ណោះ។ កុំភ័យ ឪពុកម្តាយមិនប្រកាន់ចំពោះបុណ្យធីតា ដែលមិនបានទៅស្រុកកំណើតនោះឡើយ ហើយទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌា ទេវី ដែលនឹងយាងមកកាន់ជម្ពូទ្វីប នាវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមេសា នេះ ព្រះនាងក៏បានដឹងពីទុក្ខលំបាករបស់មនុស្សលោកនាពេលបច្ចុប្បន្ននេះដែរ។

កុំសន្តិភាពពេកជាមួយកូវីដ-១៩ ការគិតថាមិនអីនេះឯង ដែលនាំឲ្យមានការឆ្លងជាបន្តបន្ទាប់! នេះជាសារព្រមានម្តងហើយម្តងទៀតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយលោកស្រី បានណែនាំឲ្យរួមគ្នារីករាយការប្រារព្ធពិធីចូលឆ្នាំនៅផ្ទះ ជាមួយនឹងការអនុវត្តវិធានការ៣ការពារ ៣កុំ។

ងាកទៅលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯណោះវិញ លោកបានព្យាយាមបង្ហាញពីទិដ្ឋភាពច្បាប់ទាក់ទងនឹងការមិនគោរពវិធានការរដ្ឋបាលដោយចេតនា។ អ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ រីឯអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព "វិធានការរដ្ឋបាល" នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ។



«កូនអើយមិនបាច់មកស្រុកទេ!»។ ឪពុកម្តាយមួយចំនួនបានទូរសព្ទទៅកូនៗរួចហើយជាមួយនឹងក្តីបារម្ភពីសុវត្ថិភាពរបស់ពួកគេ បើទោះបីជាពួកគាត់ត្រូវឆ្លងឆ្នាំទាំងសោះកក្រោះក៏ដោយ។ ពិតណាស់ អ្នកកើតកូវីដ-១៩ ពិតជាគួរឲ្យអាណិត ប៉ុន្តែអ្នកដែលបំពានការណែនាំ ជាពិសេសវិធានចត្តាឡីស័ក ហើយបន្តចម្លងដល់អ្នកដទៃ ពិតជាមិនអាចលើកលែងបាននោះឡើយ ដោយពួកគេនៅតែប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕







© រក្សាសិទ្ធិដោយ thmeythmey.com