ជាតិ
នារីៗគប្បីស្លៀកពាក់ឱ្យបានសមរម្យពេលចូលវត្ត
14, Apr 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ វត្តអារាមគឺជាកន្លែងបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ជាស្រែបុណ្យ ជាកន្លែងសន្សំបុណ្យកុសលធ្វើឱ្យចិត្តស្ងប់ សម្រាប់មនុស្សទូទៅទាំងក្មេងទាំងចាស់។ ដូច្នេះការស្លៀកពាក់ឱ្យបានសមរម្យចូលវត្តអារាម នារដូវចូលឆ្នាំប្រពៃណីជាតិ សម្រាប់ទាំងនារីនិងបុរស គឺជារឿងប្រពៃគួរគប្បីធ្វើ។ សម្លៀកបំពាក់ហូល ផាមួង អាវប៉ាក់ និងសម្លៀកបំពាក់សមរម្យជាច្រើនទៀត ស័ក្ដិសមបំផុតសម្រាប់មិត្តនារី ដោយមិនចាំបាច់ស្លៀកខើចខ្លីបង្ហាញសាច់នោះទេ។



កន្លងមកគេសង្កេតឃើញថា មាននារីៗស្ថិតក្នុងវ័យជំទង់មួយចំនួន  បានស្លៀកសម្លៀកបំពាក់ខើចខ្លី ឬវាលផ្នែកខាងលើខ្លាំង ចូលទៅក្នុងវត្តនារដូវចូលឆ្នាំថ្មី។ បើមើលទៅជ្រុងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ តាំងពីបុរាណនិងតមកដល់បច្ចុប្បន្ន ការស្លៀកពាក់បែបនេះ មិនត្រូវបានសង្គមខ្មែរជាទូទៅ ឱ្យតម្លៃឡើយ។ គេក៏អាចចាត់ទុកថាការស្លៀកពាក់ខើចលើខើចក្រោមចូលវត្ត គឺជាផ្នែកមួយរួមចំណែកបំផ្លាញទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរផងដែរ។ 
 
ជាការពិតសេរីភាពក្នុងការស្លៀកពាក់ពិតជាមាន ប៉ុន្តែគេក៏ត្រូវមើលពីកម្មវិធីដែលនឹងចូលរួមនោះដែរ។ សម្លៀកបំពាក់ខើចខ្លីបញ្ចេញសាច់ច្រើន ពេញនិយមសម្រាប់យុវជនជំនាន់ថ្មីនេះ អាចស្លៀកបានតាមចំណូលចិត្ត ទៅក្នុងកម្មវិធីបែបយុវវ័យក្មេងៗ។ ប៉ុន្តែបើស្លៀកពាក់បែបនេះចូលវត្តអារាម ពិតជាត្រូវគេរិះគន់ ជាក់ជាមិនខាន៕
 
ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សារព័ត៌មានថ្មីៗ សូមជូនវីដេអូអប់រំខ្លី ស្ដីពីការស្លៀកពាក់ពេលទៅវត្តក្នុងរដូវចូលឆ្នាំ។ តទៅនេះសូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញទស្សនាដោយក្ដីរីករាយ៖
 
 
 
 
 
 

Tag:
 ចូលឆ្នាំ
 សម្លៀកបំពាក់
  វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com