COVID-19
ជាតិ
ករណីទី៣៦៖ បុរសខ្មែរអាយុ៣៥ឆ្នាំ នៅព្រៃវែង បាត់បង់ជីវិតដោយសារកូវីដ-១៩
14, Apr 2021 , 10:28 pm        
រូបភាព
មន្រ្តីសុខាភិបាល ដើរបាញ់ថ្នាំសម្លាប់មេរោគ តាមដងផ្លូវក្នុងខេត្តកណ្តាល កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅ។ រូប៖ AFP
មន្រ្តីសុខាភិបាល ដើរបាញ់ថ្នាំសម្លាប់មេរោគ តាមដងផ្លូវក្នុងខេត្តកណ្តាល កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅ។ រូប៖ AFP
ក្រសួងសុខាភិបាល បានប្រកាសនៅម៉ោងជិត១០យប់ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩មួយទៀត គឺបុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ ដែលមានលំនៅ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។



ក្រសួងសុខាភិបាល អះអាងថា បុរសខ្មែររូបនោះ បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងទី២ ខែមេសា ជាមួយនឹងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន និង ហត់ខ្លាំង។ ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យ បានបញ្ជូនគាត់ ទៅសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់ និងបានយកសំណាកទៅធ្វើតេស្ត ដោយលទ្ធផលដែលបង្ហាញ គឺគាត់ ផ្ទុកជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល បន្តថា ដោយសារស្ថានភាពបុរសជាអ្នកជំងឺ មានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូពេទ្យ បានប្រឹងប្រែងជួយសង្គ្រោះគាត់ តាមលក្ខណៈបច្ចេកទេស រួមទាំងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ ប៉ុន្តែ នៅតែមិនអាចជួយគាត់បាន ហើយគាត់ ក៏ស្លាប់នៅម៉ោង៦និង២០នាទីព្រឹក នាថ្ងៃទី១៤ ខែមេសានេះ។

ក្រសួងសុខាភិបាល បញ្ជាក់ថា តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសខ្មែរខាងលើ ទទួលមរណភាពដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាល់ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

កាលថ្ងៃមិញ ក្នុងថ្ងៃដដែលនេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួនពីររួចមកហើយ ដោយម្នាក់ជាបុរសជនជាតិខ្មែរអាយុ៥៦ឆ្នាំ នៅខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ជាបុរសជនជាតិបារាំងអាយុ៨៦ឆ្នាំ នៅរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៦នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com