COVID-19
ជាតិ
បិទភ្នំពេញនិងតាខ្មៅ៖ គ្រួសារនីមួយៗ អាចចេញទៅកន្លែងលក់ដូរបានតែ៣ដងប៉ុណ្ណោះ ក្នុង១សប្តាហ៍
14, Apr 2021 , 11:40 pm        
រូបភាព
ទិដ្ឋភាពប្រជាពលរដ្ឋ នៅក្នុងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ រូបភាពពីហ្វេសប៊ុក Mak Nita
ទិដ្ឋភាពប្រជាពលរដ្ឋ នៅក្នុងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ រូបភាពពីហ្វេសប៊ុក Mak Nita
ប្រមុខរដ្ឋភិបាល សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ នៅម៉ោងជិត១១យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការបិទខ្ទប់ (Lockdown) ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល និងភូមិសាស្រ្តក្រុងតាខ្មៅនៃខេត្តកណ្តាល។



ក្នុងការបិទខ្ទប់នេះ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចេញពីផ្ទះឬកន្លែងរស់នៅបច្ចុប្បន្នឡើយ។ រដ្ឋាភិបាល មិនហាមឃាត់ដាច់ណាត់ មិនឲ្យប្រជាពលរដ្ឋ ចេញពីផ្ទះនោះទេ ដោយមានករណីលើកលែងមួយចំនួន។

ករណីរលើកលែងដ៏សំខាន់១ គឺ ប្រជាពលរដ្ឋ អាចចេញទៅកាន់កន្លែងលក់ម្ហូបអាហារ កន្លែងលក់គ្រឿងបរិភោគ និង កន្លែងលក់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែ ប្រជាពលរដ្ឋ មិនត្រូវបានអនុញ្ញាតឲ្យទៅកន្លែងទាំងនេះដោយសេរីដូចមុនឡើយ ដោយរដ្ឋាភិបាល បានកំណត់ឲ្យ១គ្រួសារឬ១លំនៅឋាន អាចចេញទៅកន្លែងទាំងនេះបានតែ «២នាក់» និងអាចចេញទៅបានតែ «៣ដង ក្នុង១សប្តាហ៍»។

ករណីលើកលែងផ្សេងទៀត ដូចជា ការធ្វើដំណើរទៅបំពេញការងារ ទៅប្រកបមុខរបរ ទៅប្រកបអាជីវកម្ម ទៅមន្ទីរពេទ្យ ទៅកន្លែងព្យាបាល ទៅឱសថស្ថាន ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅបំពេញការងារបម្រើប្រយោជន៍សាធារណៈ ទៅហាត់ប្រាណជាលក្ខណៈបុគ្គល ទៅយកព័ត៌មាន ដែលជាកិច្ចការរបស់អ្នកកាសែត។

ការធ្វើដំណើររបស់មន្រ្តីទូត ការធ្វើដំណើររបស់បុគ្គលិកនៃស្ថានទូតបរទេស ការធ្វើដំណើររបស់ទីភ្នាក់ងារអង្គការជាតិ-អន្តរជាតិ ក៏ត្រូវបានលើកលែងដែរ។

ការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានហាមឃាត់៕















Tag:
 COVID-19
  បិទភ្នំពេញ
  បិទតាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com