COVID-19
ជាតិ
អាជីវករនៅផ្សារក្រោមខេត្តសៀមរាបម្នាក់ទៀតតេស្ដឃើញវិជ្ជមានកូវីដ១៩
15, Apr 2021 , 10:04 am        
រូបភាព
ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារក្រោម នៅព្រឹកថ្ងៃទី១៤ មេសា ឆ្នាំ២០២១។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារក្រោម នៅព្រឹកថ្ងៃទី១៤ មេសា ឆ្នាំ២០២១។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ អាជីវករផ្សារក្រោម ក្រុងសៀមរាបម្នាក់ទៀត បានតេស្ដឃើញវិជ្ជមានកូវីដ១៩ ក្រោយសមាជិកគ្រួសារនៃអាជីវករនៅទីនោះចំនួន៤នាក់មកហើយ ដែលក្រុមគ្រូពេទ្យរកឃើញថាមានជំងឺកូវីដ១៩ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

 
ស្រ្ដីទី៥ នៃអាជីវករផ្សារក្រោម ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ ៤៥ ឆ្នាំ ជាអ្នកលក់នំកូរឆាយ ដែលជាករណីឆ្លងរាលដាលក្នុងសហគមន៍ខេត្តសៀមរាប។ ស្រ្ដីរូបនេះត្រូវបានបញ្ជាក់ថាមានជំងឺនេះនៅយប់ថ្ងៃទី១៤ មេសា ក្រោយក្រុមគ្រូពេទ្យបានចុះយកសំណាកលើក្រុមអាជីវករសរុបជាង១៥០នាក់នៅពេលព្រឹកនាថ្ងៃដដែល។
 
រដ្ឋបាលខេត្តស្នើឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការរីករាលដាលនេះ ដោយគោរពវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការរដ្ឋបាលរបស់ខេត្តឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប ក៏បានរំលឹកពីករណីល្មើសនឹងវិធានការនេះ នឹងអាចប្រឈមផ្តន្ទាទោសពិន័យអន្ដរការណ៍ ឬដាក់ពន្ធនាគារតាមច្បាប់ផងដែរ។
 
អាជ្ញាធរខេត្តក៏បន្តអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោល ពិសេសអាជីវករផ្សារក្រោម ឬអ្នកធ្លាប់ចេញចូលផ្សារក្រោម ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ដោយមិនត្រូវពាក់ព័ន្ធនឹងអ្នកដទៃជាដាច់ខាត។ ប្រសិនមានបញ្ហាប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅកាន់លេខទូរសព្ទលេខ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
 
គួរបញ្ជាក់ថា អាជីវករផ្សារក្រោមចំនួន៥នាក់ហើយ ដែលបានតេស្ដឃើញវិជ្ជមានកូវីដ១៩ ដែលដំបូងរកឃើញលើក្រុមគ្រួសារឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ដែលពាក់ព័ន្ធនឹងបុរសអ្នករត់តាក់ស៊ី ដែលវិជ្ជមានកូវីដ១៩ នៅចុងខែមីនាកន្លងទៅ។ គិតត្រឹមថ្ងៃទី១៥ ខែមេសា ខេត្តសៀមរាបមានករណីអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៨នាក់ហើយដែលជាករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងនោះបានសះស្បើយ៣នាក់៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com