ជាតិ
សង្គមជាតិ
មនុស្សជាង១ពាន់នាក់ហើយ ដែលវិជ្ជមានកូវីដ-១៩ ផ្ទុះពីផ្សារអូរឬស្សី ផ្សារចាស់ និងរោងចក្រ
15, Apr 2021 , 3:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែមេសា មានមនុស្សចំនួន១០៨៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ផ្ទុះចេញពីផ្សារអូរឬស្សី ផ្សារចាស់ និងរោងចក្រចំនួន២៤កន្លែង។ នេះបើតាមការផ្សាយព័ត៌មានរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។

 
ក្នុងចំណោមអ្នកជំងឺទាំង១០៨៤នាក់នោះ មាន៣៨៧នាក់ពាក់ព័ន្ធករណីឆ្លង នៅផ្សារអូរឬស្សី, មនុស្ស១៨នាក់ទៀតនៅផ្សារចាស់ និង៦៧៩នាក់​ ជាកម្មករ កម្មការិនី នៅរោងចក្រចំនួន២៤។ នេះបើតាមប្រភពខាងលើ។ 
 
ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ពលរដ្ឋ អាជីវករ ក្រុមគ្រួសារ ឬអ្នកស្នាក់នៅជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ទំាងនោះ ឬអ្នកមានរោគសញ្ញាជំងឺកូវីដ-១៩ រួសរាន់ប្រញាប់ទៅធ្វើតេស្តមេរោគជាបន្ទាន់។ 
 
ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចចិត្តបិទក្រុងតាខ្មៅ និងភ្នំពេញរយៈពេល២សប្តាហ៍ ចាប់ពីយប់ថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា។ 
 
ក្នុងការបិទខ្ទប់នេះ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចេញពីផ្ទះឬកន្លែងរស់នៅបច្ចុប្បន្នឡើយ។ ប៉ុន្តែរដ្ឋាភិបាល នៅតែអនុញ្ញាតឲ្យពលរដ្ឋទៅទិញម្ហូបអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងអនុញ្ញាតឲ្យពលរដ្ឋទៅបំពេញការងារ និងប្រកបមុខរបរ ប៉ុន្តែត្រូវមានលិខិត និងឯកសារបញ្ជាក់ពីការងាររបស់ខ្លួន៕ 
 

Tag:
 ជំងឺកូវីដ-១៩
 ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com