ជាតិ
សង្គមជាតិ
ហាមលក់គ្រឿងស្រវឹង និងចាក់ធុងបាសតាមផ្ទះរយៈពេល២សប្តាហ៍នៅខេត្តព្រៃវែង
15, Apr 2021 , 6:09 pm        
រូបភាព
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
ដោយ:
ភ្នំពេញ៖ អភិបាលខេត្តព្រៃវែងហាមម្ចាស់អាជីវកម្ម និងដេប៉ូចែកចាយលក់គ្រឿងស្រវឹងផ្សេងៗនៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារម៉ាត តូបអាហារ និងហាងកាហ្វេ រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៥-២៨ ខែមេសា។ ជាមួយគ្នានេះអភិបាលខេត្តក៏ហាមពលរដ្ឋចាក់ធុងបាសរំាតាមផ្ទះផងដែរ។

 
បម្រាមទាំងនេះធ្វើឡើងក្នុងគោលបំណងជួយទប់ស្កាត់នៃការរាលដាលជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ 
 
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានរៀបរាប់ក្នុងសេចក្តីណែនាំនៅថ្ងៃទី១៥ ខែមេសាថា៖«ប្រជាពលរដ្ឋត្រូវនៅផ្ទះរៀងៗក្នុងគ្រួសារនីមួយៗ។ ចំពោះការជួបជុំប្រមូលផ្តុំគ្នាច្រើនពីផ្ទះមួយទៅផ្ទះមួយ ការពិសារគ្រឿងស្រវឹង និងការចាក់ធុងបាសរាំកម្សាន្តតាមផ្ទះត្រូវហាមឃាត់ជាដាច់ខាត»។ 
 
លោកអភិបាលខេត្តព្រៃវែងបានបង្គាប់ឲ្យស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ទំាងអស់ត្រូវចុះទៅណែនាំ ហាមឃាត់  ទប់ស្កាត់ការជួបជុំ លក់ដូរ និងការពិសារគ្រឿងស្រវឹង។ 
 
អភិបាលខេត្តព្រៃវែងបានសង្កត់ធ្ងន់ថា ករណីដែលម្ចាស់អាជីវកម្មណាមិនគោរពតាមបម្រាមខាងលើទេ អាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។ 
 
បច្ចុប្បន្នមាន៣រាជធានីភ្នំពេញខេត្តហើយដែលបានអនុវត្តនូវបម្រាមនេះ ក្នុងនោះមានរាជធានីភ្នំពេញ កណ្តាល និងព្រៃវែង។ 
គិតត្រឹមថ្ងៃទី១៥ ខែមេសា កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៥២១៨នាក់ ក្នុងនោះឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៤៦៧៦នាក់។ ចំណែកអ្នកជាសះស្បើយ២៣១៩នាក់ និងស្លាប់៣៦នាក់៕
 
 
 

Tag:
 គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com