ជាតិ
សាសនា / ធម៌
កុំយកបន្លា ចាក់លើដំបៅ
16, Apr 2021 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ទុក្ខ អាចមានពីរប្រភេទ គឺទុក្ខពីកំណើត និងពីសង្គម។ ទុក្ខពីកំណើត តែងកើតមានចំពោះមនុស្សគ្រប់គ្នា ដោយជៀសមិនរួច។ ប៉ុន្តែ មនុស្ស អាចរងទុក្ខមួយបន្ថែមទៀត គឺទុក្ខ ដែលកើតចេញសង្គម។

 
ចាប់តាំងពីកើតមក មនុស្សគ្រប់រូប មានទុក្ខតាមខ្លួនរួចជាស្រេចទៅហើយ ដែលហៅថាទុក្ខ ព្រោះមានកំណើត ឬទុក្ខពីធម្មជាតិ។ ទុក្ខប្រភេទនេះ នឹងនៅបន្តជារៀងរហូត ដោយមិនប្រែប្រួលឡើយ។ ឲ្យតែមានរូប គឺមានទុក្ខ ទោះស្ថិតក្នុងសម័យកាលណាក៏ដោយ។
 
ទុក្ខព្រោះអ្វី? ទុក្ខព្រោះខ្វះទ្រព្យ ទុក្ខព្រោះជំងឺ ទុក្ខព្រោះចាស់ជរា ទុក្ខព្រោះបែកបាក់សាច់ញាតិ ក្រុមគ្រួសារ និងមនុស្សដែលខ្លួនស្រឡាញ់ និងទុក្ខព្រោះសេចក្តីស្លាប់ ជាដើម។ ទុក្ខទាំងនេះ តែងតែកើតចំពោះមនុស្សរាល់គ្នា ដោយគ្មាននរណាម្នាក់អាចគេចផុតឡើយ ទោះជាអ្នកនោះ ក្រឬមាន រាស្ត្រឬមន្ត្រី សេដ្ឋីឬស្តេច ក៏ដោយ។
 
ក្រៅពីជួបទុក្ខពីកំណើតឬទុក្ខពីធម្មជាតិ មនុស្ស អាចនឹងជួបទុក្ខមួយជាន់ទៀត គឺទុក្ខ ដែលកើតចេញពីសង្គម ប្រសិនបើសង្គមនោះមិនល្អ ដូចជា មនុស្សមិនចេះយោគយល់គ្នា ឈ្នានីសគ្នា កេងប្រវញ្ចគ្នា បាញ់ស្លាប់ ធ្វើទុក្ខបុកម្នេញអ្នកដទៃ អ្នកមានលុយ មានអំណាច ធ្វើបាបអ្នកក្រ ជិះជាន់ រឹបអូសដីធ្លីផ្ទះសម្បែងប្រជារាស្ត្រ ហើយអាចរួចផុតពីទោស មេដឹកនាំខ្វះគុណធម៌ គិតតែពីអំណាច គិតតែពីប្រយោជន៍ក្រុមគ្រួសារ បក្សពួក ដោយមិនខ្វល់ពីទុក្ខលំបាកប្រជារាស្ត្រ និងប្រទេសជាតិ សង្គម ពោរពេញទៅដោយអសន្តិសុខ ជាដើម។ មនុស្សក្នុងប្រទេសឬសង្គមប្រភេទនេះ ប្រាកដជារស់នៅដោយការភ័យខ្លាច និងរងទុក្ខពីសង្គម ដោយជៀសមិនរួច។ ដូច្នេះ មនុស្ស ត្រូវជួបទុក្ខពីរដង គឺទុក្ខពីធម្មជាតិផង និងទុក្ខពីសង្គមផង។
 
សេចក្តីទុក្ខពីកំណើត ប្រៀបដូចជាដំបៅ។ ឯ ការធ្វើបាបដាក់គ្នា ប្រៀបដូចជា ការយកបន្លាទៅចាក់ត្រង់កន្លែងដែលមានដំបៅ។ «ការយកបន្លា ទៅចាក់ដំបៅបែបនេះ នឹងបង្កើនការឈឺចាប់ទ្វេដង»។
 
មនុស្ស មានទុក្ខពីធម្មជាតិតាមជាប់ខ្លួន គឺវេទនា និងឈឺចាប់ណាស់ទៅហើយ ចុះហេតុអ្វី ត្រូវធ្វើបាបដាក់គ្នា ដែលនាំឲ្យមានទុក្ខបន្ថែម រហូតដល់ទៅពីរត្រួតនោះ?
 
មនុស្ស គប្បីជៀសវាងឲ្យបាននូវការធ្វើអំពើអាក្រក់ក្នុងសង្គម។ មនុស្សគ្រប់រូប គួររួមគ្នាកសាងសង្គមមួយដែលល្អ សម្រាប់ការរស់នៅជាមួយគ្នា ដោយគ្មានការភ័យខ្លាច ហើយធ្វើយ៉ាងណាកុំឲ្យសង្គមនោះ ក្លាយជាសង្គម ដែលផ្តល់ទុក្ខដល់មនុស្ស បន្ថែមពីលើកទុក្ខពីធម្មជាតិ។
 
ជីវិត គឺមានតែការសន្តោស និងការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបអាចជួយគ្នាក្នុងការកាត់បន្ថយក្តីទុក្ខ និងការឈឺចាប់បាន។ ជំហានដំបូង យើងត្រូវតាំងចិត្តឲ្យបានថា មិនត្រូវធ្វើអំពើអាក្រក់ណាមួយទៅលើអ្នកដទៃ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយត្រូវព្យាយាមបណ្តុះចិត្តរបស់ខ្លួនឲ្យមានក្តីមេត្តាចំពោះអ្នកដទៃ។ ហើយបន្ទាប់មក យើងត្រូវព្យាយាមជួយអ្នកដទៃ។ បើមានទ្រព្យជួយទ្រព្យ បើមានគំនិត ជួយគំនិត បើគេ ឈឺចាប់ គួរជួយរំសាយការឈឺចាប់នោះ។ យើង គួរជួយគ្នាទៅវិញទៅមក តាមមធ្យោបាយឬតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ មានតែធ្វើបែបនេះទេ ទើបជីវិតគ្រប់គ្នា អាចកាត់បន្ថយក្តីទុក្ខបានខ្លះ។
 
យើងនិងគេ មិនខុសគ្នាឡើយ គឺកើតមក មានទុក្ខ មានការឈឺចាប់ មានក្តីសោកសៅ ជាប់នឹងខ្លួន ស្ទើរតែទ្រាំមិនបានទៅហើយ ដូច្នេះ វា គ្មានហេតុផលអ្វី ដែលត្រូវធ្វើបាប ហើយផ្តល់ក្តីទុក្ខឬការឈឺចាប់ ដល់គ្នាបន្ថែមទៀតនោះទេ៕
 

Tag:
 ទស្សនៈ
  ពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com