COVID-19
ជាតិ
អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ បានលួច​ធ្វើដំណើរទៅខេត្តព្រៃវែង
16, Apr 2021 , 6:10 pm        
រូបភាព
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ បានលួចចេញពីរាជធានីភ្នំពេញ ទៅខេត្តព្រៃវែង ដោយល្មើសបម្រាមហាមឃាត់ការធ្វើដំណើរឆ្លងខេត្តរបស់រដ្ឋាភិបាល។ បើតាមរដ្ឋបាលខេត្តព្រៃវែងជនល្មើសទាំង៤នាក់នេះ ប្រឈមនឹងការទទួលទោសទណ្ឌកម្មព្រហ្មទណ្ឌ តាមមាត្រា១០ និងមាត្រា១១ ក្រោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។


«ការចល័តទីនេះ បានធ្វើឲ្យនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្ដាយ និងសាច់ញាតិ»។ នេះជាការលើកឡើងរបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈ​ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រៃវែង ដោយសង្កត់ធ្ងន់ថា ខ្ញុំសូមបញ្ជារឲ្យចាត់វិធានការក្ដៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ដាច់ខាត។
 
ជាងនេះទៅទៀត លោក ក៏បានបញ្ជាក់ថា ចំពោះជនល្មើសដែលចល័តទីដោយមិនគោរពវិធានរដ្ឋបាលលើការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្ត នឹងត្រូវប្រឈមនឹងការទទួលទោសទណ្ឌកម្មព្រហ្មទណ្ឌមាត្រា១០ និង១១​ នៃច្បាប់ស្តីពីកូវីដ-១៩។ 
 
ចំពោះជនល្មើសដែលជាអ្នកជំងឺកូវីដ-១៩នោះ ម្នាក់ឈ្មោះ ឆាំ រីនឌី បុរសខ្មែរ អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ខេត្តព្រៃវែង បានធ្វើសំណាកនៅថ្ងៃទី១៣ មេសា។ ចំណែកឯ ម្នាក់ទៀតជាស្រ្តីខ្មែរ ឈ្មោះ យៀវ លន អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង បានធ្វើសំណាកនៅថ្ងៃទី១៣ មេសា។ រីឯម្នាក់ទៀតជាបុរសខ្មែរ ឈ្មោះ ឆែម ភា អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានធ្វើសំណាកនៅថ្ងៃទី១៤ មេសា។ បុរសខ្មែរម្នាក់ទៀត ឈ្មោះ ហ៊ាង ភី អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានធ្វើសំណាកនៅថ្ងៃទី១៤ មេសាផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com