ជាតិ
សាសនា / ធម៌
ត្រាស់ដឹង មានន័យដូចម្តេច?
17, Apr 2021 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
និយាយឲ្យខ្លីនិងងាយយល់ ត្រាស់ដឹង មានន័យថា ដឹងអ្វីៗគ្រប់យ៉ាងអំពីធម្មជាតិ ដែលភាសាបាលី ហៅថា សព្វញ្ញុតញ្ញាណ។


 
ពេលព្រះជន្ម២៩ព្រះវស្សា ព្រះពុទ្ធអង្គ ដែលមាននាមដើមថា សិទ្ធត្ថ បានលួចចេញទៅសាងផ្នួស។ ព្រះអង្គ ចំណាយពេលអស់៦ព្រះវស្សា ក្នុងការស្វែងរកធម៌ ពោលគឺ ស្វែងរកផ្លូវនៃការត្រាស់ដឹង ដើម្បីក្លាយជាព្រះពុទ្ធ ហើយទីបំផុត ព្រះអង្គ ក៏បានសម្រេចនូវសព្វញ្ញុតញ្ញាណ ដែលមានន័យថា ការសម្រេចដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ។ ក្នុងព្រះជន្មាយុ៣៥ព្រះវស្សា ព្រះអង្គ ក្លាយជាព្រះពុទ្ធ ដែលប្រែថា អ្នកត្រាស់ដឹង។ ព្រះពុទ្ធអង្គ ជាអ្នកអស់ទៅនៃកិលេសទាំងពួង។
 
ក្នុងថ្ងៃត្រាស់ដឹង ព្រះអង្គ បានសម្រេចនូវវិជ្ជាឬញាណ៣យ៉ាង គឺ៖
 
បុព្វេនិវាសានុស្សតិញ្ញាណ គឺជាញាណ ដែលអាចរលឹកឃើញនូវជាតិមុនៗ ដែលព្រះអង្គនិងសត្វដទៃ ធ្លាប់ចាប់កំណើត។
 
ចុតូបបាតញ្ញាណ គឺជាញាណ ដែលអាចកំណត់ឃើញនូវចុតិបដិសន្ធិនៃសត្វលោក មានន័យថា ព្រះអង្គ អាចដឹងថា សត្វណា ទៅកើតជាអ្វីនៅជាតិខាងមុខ ក្រោយពេលដាច់សង្ខារ។ ចុតិបដិសន្ធិ គឺការរលត់សង្ខារ ហើយទៅចាប់កំណើតថ្មី។
 
អាសវក្ខយញ្ញាណ គឺជាញាណ ដែលធ្វើឲ្យអស់អាសវៈ (កិលេស)។ ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈ បានដល់ការដឹងច្បាស់នូវចតុរារិយសច្ច (អរិយសច្ចទាំង៤) គឺ ទុក្ខអរិយសច្ច (សេចក្តីទុក្ខ មានពិត) ទុក្ខសមុទយអរិយសច្ច (ហេតុដែលនាំឲ្យមានទុក្ខ) ទុក្ខនិរោធអរិយសច្ច (ការរំលត់ទុក្ខ) និង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច (ផ្លូវ ដែលនាំទៅរកការរំលត់ទុក្ខ)។
 
ក្រោយត្រាស់ដឹង ព្រះពុទ្ធអង្គ ទ្រង់លះបង់ព្រះកាយពល ក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដើម្បីឲ្យសត្វលោក បានសម្រេចធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ។ អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹង ព្រះបរមគ្រូ ក៏ទ្រង់ចូលបរិនិព្វាន (រលត់សង្ខារ) ក្នុងព្រះជន្ម៨០ព្រះវស្សា។
 
បន្ទាប់ពីព្រះអង្គទ្រង់ចូលបរិនិព្វាន ព្រះអរហន្ត (បុគ្គលសម្រេចធម៌ដោយការប្រតិបត្តិ និងការស្តាប់នូវព្រះធម៌ពីព្រះសម្មាសម្ពុទ្ឋ) និងអ្នកប្រាជ្ញទាំងឡាយ បានប្រមូលចងក្រងព្រះធម៌ទាំងនោះ ឲ្យក្លាយជាគម្ពីរ ដោយមានលក្ខណៈ ជារបៀបទៅតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដក។ ព្រះត្រៃបិដក គឺសំដៅលើ គម្ពីរគោល៣ប្រភេទ ក្នុងព្រះពុទ្ឋសាសនា រួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម។
 
ព្រះធម៌ដែលលោកអ្នកប្រាជ្ញចងក្រងទាំងនោះ បើគិតជាប្រភេទនៃគម្ពីរមាន៣គម្ពីរ។ ៣គម្ពីរបើគិតជាក្បាលមាន១១០ក្បាល។ ១១០ក្បាលបើគិតជាខន្ឋ មាន៨៤០០០ព្រះធម្មខន្ឋ។ ដូច្នេះយើងឃើញថា ព្រះធម៌ដែលព្រះសាស្តា ទ្រង់សម្តែងរយៈពេល៤៥ព្រះវស្សា គឺមានរហូតដល់៨៤០០០ព្រះធម្មខន្ឋឯណោះ។
 
ធម៌ដែលព្រះអង្គទ្រង់សម្តែងមិនមែនជាអ្វីដែលព្រះអង្គទ្រង់បង្កើតឡើងដោយព្រះអង្គឯងនោះទេ តែជាអ្វីដែលមានស្រាប់ក្នុងធម្មជាតិ។ ប៉ុន្តែព្រះអង្គ ជាអ្នកស្វែងរកឃើញសច្ចធម៌ទាំងពួង ហើយទ្រង់ក៏សម្តែងនិងបើកបង្ហាញពីរឿងពិតទាំងនោះ ដើម្បីបានជាប្រយោជន៍ដល់សត្វលោក។
 
មានរបស់៣យ៉ាង ដែលគ្មានដែនកំណត់ គឺលំហ ចំនួនសត្វលោក និង ការត្រាស់ដឹងរបស់ព្រះពុទ្ធ។
 
ព្រះពុទ្ធ បានប្រៀបធៀបអ្វីដែលព្រះអង្គ បានសម្តែងឬបានបង្ហាញដល់សត្វលោក ថាដូចជាស្លឹកឈើពីរបីសន្លឹក ក្នុងព្រះហស្តរបស់ព្រះអង្គព្រះប៉ុណ្ណោះ ប៉ុន្តែ អ្វីដែលព្រះអង្គ បានដឹង គឺប្រៀបដូចជាស្លឹកឈើ ដែលរាប់មិនអស់ នៅក្នុងព្រៃ។
 
ហេតុអ្វីបានជាព្រះពុទ្ធ មិនសម្តែងទាំងអស់នូវអ្វីដែលព្រះអង្គបានដឹង? ហេតុផល គឺថា អ្វីដែលព្រះអង្គ បានដឹង គឺគ្មានដែនកំណត់ ដូច្នេះ ព្រះអង្គ មិនអាចសម្តែងឲ្យអស់បានទេ។ ហេតុផលមួយទៀត ដែលព្រះអង្គ មិនសម្តែងឲ្យលើសពីនេះ គឺដោយសារតែ អ្វីៗទាំងនោះ មិនចាំបាច់សម្រាប់នាំសត្វលោក ទៅកាន់ទីរំលត់ទុក្ខ។ ព្រះអង្គ សម្តែងតែអ្វី ដែលមនុស្សអាចយកមកអនុវត្តបាន ដើម្បីនាំមកនូវសេចក្តីសុខសុភមង្គល និងសន្តិភាព ហើយទីបំផុតឆ្ពោះទៅរកផ្លូវរំលត់ទុក្ខ។
 
មានអ្នកខ្លះ បានចាត់ទុកព្រះសម្មាសម្ពុទ្ធ ថាជាទស្សនវិទូ ដូចទស្សនវិទូដទៃទៀតដែរ។ ការយល់ដូច្នេះ ដោយហេតុផលថា ព្រះពុទ្ធបានបង្រៀនមនុស្សលោក ឲ្យស្គាល់មាគ៌ា ទៅកាន់សុខសុភមង្គល ក្នុងជីវិតរស់នៅបច្ចុប្បន្ន ដូចទស្សនវិទូលើពិភពលោកដទៃទៀត ដូចជា ឡៅ ជឺ ខុងជឺ ពីតាហ្គ័រ សូក្រាត ប្លាតុង អារីស្តូត មហាត្មៈ គន្ធី ជាដើម។
 
តាមពិត ឱវាទមួយចំនួនរបស់ព្រះពុទ្ធ ពិតជាមានលក្ខណៈដូចទស្សនៈ របស់ទស្សនវិទូផ្សេងៗទៀតមែន តួយ៉ាងដូចជាមង្គលទាំង៣៨ប្រការ ដែលព្រះអង្គទ្រង់សម្តែងដល់មនុស្ស ដើម្បីស្វែងរកសេចក្តីសុខ សុភមង្គលក្នុងជីវិត។ មង្គលទាំង៣៨ប្រការនោះ មានដូចជា ការបម្រើនូវមាតា និងបិតា ការសង្គ្រោះកូន និងភរិយា និង ការជួយជ្រោមជ្រែងញាតិទាំងឡាយ ជាដើម។ ទាំងនេះលោកចាត់ទុកថាជាទង្វើនាំមកនូវសុភមង្គលក្នុងជីវិត។ ព្រះពុទ្ធោវាទទាំងនេះ អ្នកប្រាជ្ញជាច្រើនក៏បានពោលដែរ។ តួយ៉ាង ដូចជា ខុង ជឺ បានអប់រំមនុស្សឲ្យចេះគោរព និងសងគុណមាតាបិតា ចេះជួយសង្គ្រោះបងប្អូន សាច់ញាតិ ឬរហូតដល់ប្រទេសជាតិទៀតផង។
 
ប៉ុន្តែ ព្រះពុទ្ធ មិនមែនជាទស្សនវិទូនោះទេ។ ព្រះអង្គគឺជា លោកវិទូ ឬក៏ជាអ្នកត្រាស់ដឹង។ លោកវិទូ ឬក៏ជាអ្នកត្រាស់ដឹង មានន័យ ដូចបានពោលមកខាងលើ គឺជាអ្នកដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងលោក ឬក៏ជាអ្នកទ្រង់ញាណនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិយើងនេះ ឬអាចនិយាយបានថា អ្វីៗក៏ព្រះអង្គដឹងដែរ ក្នុងចក្រវាឡនេះ ហើយ «បញ្ញាឬការដឹងរបស់ព្រះពុទ្ធគ្មានដែនកំណត់ឡើយ»។
 
ហេតុផលមួយទៀត ដែលថាព្រះពុទ្ធ មិនអាចចាត់ទុកថាជាទស្សនវិទូនោះ ព្រោះអង្គ ទ្រង់ជាបុគ្គលដែលបានរំលត់កិលេសគ្រប់យ៉ាង ដែលអ្នកប្រាជ្ញ ឬទស្សវិទូទាំងឡាយ មិនអាចធ្វើបាន។ អ្នកប្រាជ្ញទស្សនវិទូទាំងនោះ គ្រាន់តែជាអ្នកមានបញ្ញាជ្រាលជ្រៅ ឬជំនាញផ្នែកអ្វីមួយ ទៅតាមទេពកោសល្យ និងការព្យាយាមសិក្សា ពិចារណារបស់ខ្លួនប៉ុណ្ណោះ តែមិនមែនជាត្រាស់ដឹង ឬក៏ជាអ្នកទ្រង់ញាណ នូវអ្វីៗគ្រប់យ៉ាងក្នុងលោក ដូចតួអង្គព្រះសម្មាសម្ពុទ្ធឡើយ។ ជាពិសេសនោះ ទស្សនវិទូ មិនអាចលះបង់ និងរំលត់នូវកិលេសទាំងពួងបានដូចតួអង្គព្រះសម្មាសម្ពុទ្ធនោះទេ៕
 

Tag:
 ទស្សនៈ
  ត្រាស់ដឹង
© រក្សាសិទ្ធិដោយ thmeythmey.com