COVID-19
ជាតិ
បន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទូទាំងប្រទេសរហូតដល់ថ្ងៃទី២៨ខែមេសា
17, Apr 2021 , 11:26 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាលបានសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នសម្រាប់រយៈពេល៨ថ្ងៃបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី២៨ ខែមេសា។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃទី១៧ ខែមេសា។



សេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានអនុវត្តដំបូងសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា។

ការហាមឃាត់នេះ អនុវត្តតឹងរឹងចំពោះការឆ្លងពីភូមិសាស្ត្រនៃខេត្តមួយទៅខេត្តមួយទៀត។ ដំបូងឡើយភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ប៉ុន្តែក្រោយមក រដ្ឋាភិបាលសម្រេចចេញវិធានការបិទខ្ទប់ ដោយចែកដាច់រវាងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដំណើរបំពេញភារកិច្ចរបស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្ដដឹកសំរាម-កាកសំណល់ ការដឹកកម្មករទៅកន្លែងការងារ ការធ្វើដំណើររបស់ពលរដ្ឋទៅពេទ្យ និងការធ្វើដំណើរក្រោមមូលហេតុចាំបាច់ផ្សេង ដោយមានលិខិតស្នាម ឬឯកសារបញ្ជាក់។

ការសម្រេចបន្តការហាមឃាត់ គឺយោងតាមតម្រូវការចាំបាច់ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការរាលដាលកូវីដ-១៩ ដែលកាន់តែវាយលុកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com