COVID-19
ជាតិ
បិទខ្ទប់៖ លក្ខខណ្ឌតឹងរ៉ឹង អ្នកបំពានប្រឈមមុខច្បាប់រួមទាំង​ឃាត់ទុកមធ្យោបាយធ្វើដំណើរ
18, Apr 2021 , 7:59 am        
រូបភាព
ការបិទខ្ទប់នៅចំណុចស្ទឹងមានជ័យ។ ថតដោយ អ៊ូ សុខមាន
ការបិទខ្ទប់នៅចំណុចស្ទឹងមានជ័យ។ ថតដោយ អ៊ូ សុខមាន
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមេសា  បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់កូវីដ-១៩។ សេចក្តីសម្រេចនេះ បន្ថែមនូវលក្ខខណ្ឌតឹងរ៉ឹង លើសសេចក្តីសម្រេចដំបូងកាលពីថ្ងៃទី១៤ ខែមេសា។



«បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ នេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ»។ នេះបើតាមប្រការ២-ថ្មី នៃសេចក្តីសម្រេច។

វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា បង្កើនលក្ខខណ្ឌដ៏តឹងរ៉ឹងបន្ថែមទៀតទាក់ទងនឹងបែបបទធ្វើដំណើរ។ ការធ្វើដំណើរទៅប្រកបមុខរបរអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជនក្នុងភូមិសាស្ត្របិទខ្ទប់ ត្រូវមានលិខិតអនុញ្ញាតពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) និងលិខិតបញ្ជាក់ការងារ និងប្រភេទអាជីវកម្មដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ។

ការធ្វើដំណើរទៅបំពេញការងារនៅក្រសួង ស្ថាប័ន ត្រូវមានភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្មរបស់ក្រសួង ស្ថាប័ន សាមី។

ការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគ ឧសថស្ថាន និងកន្លែងលក់សម្ភារចំាបាច់ ត្រូវបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច ដែលអាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន២នាក់ក្នុងមួយលំនៅឋាន មិនឲ្យលើស៣ដងក្នុងមួយសប្តាហ៍។

ការធ្វើដំណើរក្រោមមូលហេតុសុខភាពបន្ទាន់ អាចធ្វើទៅបាន ក្រោមការកំណត់ចំនួនមនុស្សមិនឲ្យលើសពី៤នាក់សម្រាប់ករណីនីមួយៗ ហើយត្រូវអនុវត្តដាច់ខាតនូវវិធានការផ្នែកសុខភាព។ មិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡាក្រៅលំនៅឋានឡើយ។

ការធ្វើដំណើរទៅរបស់ជនបរទេសដែលជាមន្ត្រីការទូត បុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ មន្ត្រីអង្គការហិរញ្ញវត្ថុអន្តរជាតិ ត្រូវភ្ជាប់នូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណ និងការងារ និងអាចអមដោយអ្នកបើកបរជាជនជាតិខ្មែរ។

ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ត្រូវភ្ជាប់នូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណ និងការងារ ព្រមទាំងលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន ហើយបុគ្គលិកនៃអង្គភាពនីមួយៗ ត្រូវកាត់បន្ថយនូវត្រឹមកម្រិតអប្បបរមា សម្រាប់ការទទួលការឲ្យធ្វើដំណើរដោយក្រសួងព័ត៌មាន។

តាមប្រការ៣-ថ្មី សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ ត្រូវហាមឃាត់ លើកលែងសកម្មភាពការងាររបស់ស្ថាប័នសាធារណៈ តែត្រូវកាត់បន្ថយឲ្យមកនៅត្រឹមកម្រិតអប្បបរមា និងអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ។

សកម្មភាពការងារដែលទទួលបានការអនុញ្ញាត តែក្រោមលក្ខខណ្ឌផ្សេងៗ  មានដូចជាការងាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ បុគ្គលិកសុខាភិបាល រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារបរិក្ខាពេទ្យ ម៉ាស អាល់កុល អុកស៊ីសែន ទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ ទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

សកម្មភាពការងារពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្គត់ផ្គង់សេវា និងការផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការប្រចាំថ្ងៃ សេវកម្មសណ្ឋាគារ និងផ្ទះសំណាក់ សេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងសកម្មភាពមួយចំនួន ទទួកបានការអនុញ្ញាតឲ្យធ្វើដំណើរ ប៉ុន្តែក្រោមលក្ខខណ្ឌផ្សេងៗ៕




© រក្សាសិទ្ធិដោយ thmeythmey.com