COVID-19
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ ធ្វើឲ្យប្រជាជនខ្លះ កាត់បន្ថយចំណាយលើគ្រឿងតង្វាយទេវតាឆ្នាំថ្មី
14, Apr 2021 , 6:00 pm        
រូបភាព
ភ្នំពេញ៖ ការរីករាលដាលជំងឺកូវីដ-១៩ នៅតែមិនទាន់ថមថយ ដែលជាហេតុ ធ្វើប្រជាជនខ្មែរមួយចំនួន មានការបារម្ភមិនសូវហ៊ានទៅផ្សារទិញម្ហូបអាហារ ក៏ដូចជាគ្រឿងរណ្តាប់ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ម្យ៉ាងទៀត ស្ថិតក្នុងបរិបទកូវីដ-១៩ គ្រួសារមួយចំនួន បានរឹតត្បិតការចាយវាយ។



ជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាជនកម្ពុជា ដែលបានធ្វើសេដ្ធកិច្ចប្រទេសជាតិធ្លាក់ចុះ ហើយចំណូលរបស់ប្រជាជនមួយចំនួន ក៏មានការថយចុះដែរ។ បញ្ហានេះបានធ្វើឲ្យប្រជាជន ដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងប្រជាជនដែលមានជីវភាពមិនសូវធូរធា កាត់បន្ថយការចាយវាយរបស់ខ្លួន ដើម្បីត្រៀមទុកលើការចំណាយដែលសំខាន់។

ទោះជាស្ថិតនៅក្នុងគ្រាលំបាកនេះពិតមែន ប្រជាជនខ្មែរនៅតែមិនភ្លេចរៀបចំបោសសំអាតផ្ទះ ត្រៀមផ្លែឈើ គ្រឿងរណ្តាប់ សម្រាប់ទទួលទេវតាឆ្នាំថ្មីឡើយ។ ជាក់ស្តែង គ្រួសាររបស់យុវជន លីម សុផាត់ទីយ៉ា ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានកាត់បន្ថយគ្រឿងដង្វាយសម្រាប់សែនទទួលទេវតាតិចជាងឆ្នាំមុន។

យុវជន លីម សុផាត់ទីយ៉ា រៀបរាប់ថា៖«អ្នកផ្ទះ ខ្លាចឆ្លងជំងឺកូវីដ-១៩ អ៊ីចឹងគាត់មិនហ៊ានទៅផ្សារទេ ព្រោះមនុស្សច្រើន។ ម្យ៉ាង ផ្សារមួយចំនួនបានបិទផង ទើបគាត់រៀបចំដាក់សែនទទួលទេវតាតាមអ្វីដែលអាចរកទិញបានជិតៗផ្ទះ។ អ្វីដែលសំខាន់ ពួកគាត់ត្រូវសន្សំសំចៃ មិនចង់ចំណាយច្រើនក្នុងពេលមានជំងឺកូវីដ-១៩នេះទេ»។

ប្រជាជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់មួយចំនួន នៅតែបន្តរក្សាទំនៀមទម្លាប់នៃការរៀបចំទទួលទេវតាឆ្នាំថ្មី។ ទោះកំពុងស្ថិតក្នុងស្ថានភាពលំបាក មិនអាចទៅណាបានឆ្ងាយ ហើយនៅក្នុងតំបន់មានការខ្វះខាត មិនសូវមានលក់ផ្លែឈើ គ្រឿងបរិភោគ និងគ្រឿងរណ្តាប់ច្រើន ប៉ុន្តែ គ្រួសាររបស់ កញ្ញា ម៉ៅ  ម៉ានាថ ស្ថិតនៅ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់បិទខ្ទប់(Lock down) នៅតែបន្តរៀបចំទទួលទេវតាជាធម្មតា។

ដ្បិតនៅបន្តរៀបចំតុបតែងលម្អ និងរៀបចំគ្រឿងដង្វាយសម្រាប់ទទួលទេវតា គ្រួសាររបស់កញ្ញាមិនអាចសែនបានច្រើនដូចឆ្នាំមុនឡើយ។ គ្រួសារកញ្ញា ម៉ានាថ បានងាកមកបញ្ជាទិញផ្លែឈើ គ្រឿងរណ្តាប់ ម្ហូបអារហារ តាមរយៈទូរសព្ទដៃ ជំនួសការទៅនៅផ្សារផ្ទាល់។ កញ្ញាបានលើកឡើងថា៖«ឆ្នាំនេះអាចនិយាយបានថាអន់ថយជាងឆ្នាំមុន ព្រោះខ្ញុំនៅក្នុងតំបន់គេបិទជិត មិនអាចទៅណាបានទេ។ គ្រួសារខ្ញុំបានត្រឹមកម្មង់ទិញ ផ្លែឈើ និងនំខ្លះ។ អ្វីដែលកម្មង់ទិញបាន គឺសមល្មមអាចសែនបាន តែយើងមិនអាចទិញផ្លែឈើណាល្អៗ ផ្កាល្អៗ ភេសជ្ជៈ គ្រាប់ធញ្ញជាតិ ដូចពេលយើងទៅផ្សារនោះទេ»។

មិនខុសគ្នាប៉ុន្មាន លោក ថាម សុខៈ រស់នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតំបន់បិទខ្ទប់ដែរនោះ មិនត្រូវអនុញ្ញាតឲ្យចេញទៅណាឡើយ។ លោក បានលើកឡើងថា បើប្រៀបធៀបជាមួយឆ្នាំមុន ឆ្នាំនេះសែនបានតិចជាង។ លោក បន្តថា ទោះឆ្នាំ២០២០កន្លង មានករណីកូវីដ-១៩តិចតួច ដូច្នេះ ប្រជាពលរដ្ឋ នៅអាចទៅផ្សារធំៗ ទិញរបស់របរបានច្រើន។ ចំណែកឆ្នាំនេះ ផ្សារភាគច្រើនត្រូវបានបិទ អ៊ីចឹងទៅបានត្រឹមផ្សារជិតផ្ទះ មិនអាចទិញបានច្រើនដូចឆ្នាំមុននោះទេ។

លោក បន្ថែមថា ម្យ៉ាង ត្រូវសន្សំសំចៃក្នុងបរិបទកូវីដ-១៩ផង។ លោក ប្រសាសន៍ថា៖«នៅក្នុងដំណាក់កាលនេះ យើងមិនដឹងពេលណាបានប្រសើរនោះទេ ដូច្នេះយើងត្រូវទុកលុយខ្លះដើម្បីទិញស្បៀងទុកហូប»៕

Tag:
 COVID-19
  ចូលឆ្នាំខ្មែរ
  តង្វាយទេវតា
© រក្សាសិទ្ធិដោយ thmeythmey.com