ជាតិ
សុខភាព
កម្ពុជា ទទួលបានជំនួយជាបរិក្ខារពេទ្យតម្លៃជាង៣០ម៉ឺនដុល្លារពីកូរ៉េ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩
19, Apr 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បន្តផ្តល់ជំនួយដល់ក្រសួងសុខាភិបាលជាបរិក្ខារពេទ្យនានា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(COVID-19)នៅកម្ពុជា។ បើតាមការផ្សាយរបស់ទីភ្នាក់KOICA នាព្រឹកថ្ងៃទី១៩មេសាឆ្នាំ២០២១ ជំនួយជាបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ
គឺមានតម្លៃប្រមាណ៣៥ម៉ឺនដុល្លារ។

 
ជំនួយជាសម្ភារបរិក្ខារពេទ្យដែលក្រសួងសុខាភិបាល ទទួលបានពីទីភ្នាក់ងារKOICA មាន៖
RNA Extraction Kits ចំនួន១៨ ៧៥០, SD Biosensor ចំនួន១៤ ៤០០, សំឡីដើម្បីប្រមូលយកសំណាក (swap)ចំនួន៤២ ០០០ និងសម្ភារចាំបាច់មួយចំនួនទៀត
សម្រាប់ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩។ បរិក្ខារពេទ្យទាំងនេះនឹងត្រូវប្រើប្រាស់ ដោយមន្ទីពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។
 
ទីភ្នាក់ងារ KOICA  បានបញ្ជាក់ថា ការផ្តល់ជំនួយទាំងនេះគឺធ្វើឡើងតាមកម្មវិធីឆ្លើយតបចំពោះបញ្ហាកូវីដ-១៩ ដើម្បីកសាងភាពល្អប្រសើរ ក្នុងការប្រឆាំងកូវីដ-១៩
តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។ កម្មវិធីនេះ ជាគំនិតផ្ទួចផ្តើមរបស់សាធារណរដ្ឋកូរ៉េដែលអន្តរាគមន៍ ដើម្បីឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការគាំទ្រផ្សេងៗ។
 
ក្រៅពីជំនួយខាងលើ ទីភ្នាក់ងារ KOICA បានផ្តល់ជំនួយជាច្រើនទៀត តាមរយៈកម្មវិធីនេះផងដែរ ដូចជា៖ ផ្តល់ទូយកសំណាកជំងឺកូវីដ-១៩ ចំនួន ២០គ្រឿង និងគ្រែសែងអ្នកជំងឺកូវីដ-១៩ចំនួន៦២, ម៉ាស១០ម៉ឺន, ម៉ាសពេទ្យ ៤៥០០ និងជែលលាងដៃចំនួន ២ ០០០ ទៅកាន់មន្ទីពេទ្យកុមារជាតិ និងមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត, ការជួយទ្រទ្រង់ជនងាយរងគ្រោះតាមរយៈការឧបត្ថម្ភនូវស្បៀងអាហារនិងសម្ភារសង្គ្រោះបឋម នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៥។ ខេត្តទាំង៥នោះ មានកំពង់ស្ពឺ ក្រចេះ ឧត្តមានជ័យ បាត់ដំបង និងសៀមរាប 
 
 
នេះមិនមែនជាជំនួយលើកទីមួយនោះទេដែលសាធារណរដ្ឋកូរ៉េបានផ្តល់ ឱ្យកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កាលពីឆ្នាំដើម២០២០កូរ៉េខាងត្បូង បានផ្តល់ SD
Biosensor ចំនួន ៨ ៦៤០ ដល់កម្ពុជា ដែលចាប់ផ្តើមរងគ្រោះពីរាតត្បាត នៃជំងឺកូវីដ-១៩មកម្ល៉េះ៕ 
 
 

Tag:
 បរិក្ខារពេទ្យ
  KOICA
© រក្សាសិទ្ធិដោយ thmeythmey.com