ជាតិ
សង្គមជាតិ
មនុស្ស៥នាក់ ត្រូវបានឃុំនៅពន្ធនាគារ ដោយសារល្មើសបម្រាមបិទខ្ទប់ របស់រដ្ឋ
19, Apr 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៧នាក់ហើយ ដែលល្មើសបម្រាមបិទខ្ទប់ របស់រដ្ឋាភិបាល នៅក្នុងតំបន់រាជធានីភ្នំពេញ ។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ 


 លោក សុខសីហា បានបញ្ជាក់ថា  អ្នកដែលឃាត់ខ្លួនទាំងនេះ គឺល្មើសពីបទមិនគោរពវិធានការរដ្ឋបាល(មាត្រា១០) និងបទរារាំងដល់ការអនុវត្តវិធានការ(មាត្រា១១)។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១៩ មេសា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៧នាក់។ អ្នកទាំងនេះ មាន៦នាក់បានបញ្ជូនទៅតុលាការ ហើយម្នាក់ទៀតបានធ្វើការអប់រំ។ អ្នកដែលបញ្ជូនទៅតុលាទាំង៦នាក់នោះ មាន៥នាក់បានបញ្ជូនទៅពន្ធនាគារតាមដីការហើយ រីឯម្នាក់ទៀតកំពុងដំណើរការតាមនីតិវិធីច្បាប់មិនទាន់ឃើញមានដីកាឃុំខ្លួននៅឡើយទេ»។ 
 
ច្បាប់ស្ដីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅមាត្រា១០ ចែងថា អ្នកមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ លើសពីនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល ប្រសិនបើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ បើករណីនេះ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥លានទៅ២០លានរៀល។ 
 
ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ មាត្រា១១នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។ បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀល ប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ៕
 

Tag:
 សង្គម
  ល្មើសបំរាម
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com