ជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា លក់បញ្ចុះតម្លៃអង្ករ ពី១ ទៅ២ម៉ឺនរៀល ក្នុងមួយបាវ
20, Apr 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសបញ្ចុះថ្លៃអង្ករពី១ម៉ឺនរៀល ទៅ២ម៉ឺនរៀលក្នុងមួយបាវ អំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីជួយសម្រួលបន្ទុកប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដែលបន្តបញ្ជាក់ថា ការចុះថ្លៃអង្ករនេះ នឹងធ្វើរហូតដល់ស្ថានការណ៍បានប្រសើរឡើងវិញ។

 
ដើម្បីទប់ស្កាត់ការដំឡើងថ្លៃម្ហូបអាហារ ពិសេស «អង្ករ» ដែលជាតម្រូវការចំបាច់នោះ ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ចេញ និងអនុវត្តគោលការណ៍បញ្ចុះថ្លៃអង្ករ ចាប់ពីថ្ងៃទី១៥ ខែមេសា មកមានការសហការពីរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករ កម្ពុជា។
 
បើតាមសហព័ន្ធស្រូវ អង្ករ កម្ពុជា តម្លៃអង្ករលក់រាយក្នុងស្រុក តាមប្រភេទអង្ករនីមួយៗនៅថ្ងៃទី១៦ មេសា មានអង្ករផ្ការរំដួល លេខ១ តម្លៃ១៨ម៉ឺនរៀល ក្នុងមួយបាវ(៥០គីឡូក្រាម)។ សម្រាប់អង្ករសែនក្រអូប លេខ១ តម្លៃ ១៧៥ ០០០រៀល ក្នុងមួយបាវ(៥០គីឡូក្រាម)។ ដោយឡែកអង្ករផ្កាខ្ញី តម្លៃ ១៤ម៉ឺនរៀល ក្នុងមួយបេ(៥០គីឡូក្រាម)។
 
សហព័ន្ធស្រូវ អង្ករ កម្ពុជា បានបញ្ជាក់ក្នុងសេចក្ដីប្រកាសដូច្នេះ៖«សមាជិករបស់សហព័ន្ធស្រូវ អង្ករ កម្ពុជា មួយចំនួនដែលអាចដំណើរការ ស្ថិតក្នុងតំបន់បិទខ្ទប់ សម្រេចចូលរួមជាមួយរាជរដ្ឋាភិបាល យល់ព្រមបញ្ចុះថ្លៃអង្ករបន្ថែមទៀតពីចំនួន ២០ម៉ឺនរៀលទៅ ៤០ម៉ឺនរៀលក្នុងមួយតោន ឬស្មើនឹង ១ម៉ឺនរៀលទៅ ២ម៉ឺនរៀល ក្នុងមួយបាវ(ទម្ងន់៥០គីឡូក្រាម)»។ 
 
លោកស្រី មុំ សុផល ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មុំ សុផល ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ចាប់ពីទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទខ្ទប់ ចំនួនបញ្ជាទិញអង្ករពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើង។ លោកស្រីបានបន្ថែមថា ដ្បិតការបញ្ជាទិញអង្ករអំឡុងវិបិត្តកូវីដ-១៩នេះ កើនឡើង តែរោងម៉ាស៊ីនកិនស្រូវលោកស្រីមិនបានដំឡើងថ្លៃអង្ករនោះទេ។ 
 
«ខ្ញុំពេញចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃអង្ករជូនពលរដ្ឋក្នុងកាលៈទេសៈនេះ។ ទោះវាមិនបានច្រើនតែខ្ញុំពិតជាសប្បាយចិត្តមែនទែន»។ នេះជាការលើកឡើងរបស់លោកស្រី មុំ សុផល៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com