មនុស្ស២នាក់ទៀតបានលួចធ្វើដំណើរពីភ្នំពេញទៅខេត្តព្រៃវែងវិជ្ជមានកូវីដ-១៩
COVID-19
ជាតិ
មនុស្ស២នាក់ទៀតបានលួចធ្វើដំណើរពីភ្នំពេញទៅខេត្តព្រៃវែងវិជ្ជមានកូវីដ-១៩
19, Apr 2021 , 8:54 pm        
រូបភាព
ភ្នំពេញ៖ មនុស្ស២នាក់ បានល្មើសវិធានការរដ្ឋបាលលួចធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង បានឃាត់ខ្លួន និងរកឃើញមានវិជ្ជមានកូវីដ-១៩។ នេះបើតាមរដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

 
ស្ត្រី២នាក់នេះ មានស្រុកកំណើតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានលួចធ្វើដំណើរពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ ការលួចធ្វើដំណើរនេះ ប្រឈមការដាក់ទោសទណ្ឌនៃច្បាប់ស្ដីពីជំងឺកូវីដ-១៩។ 
 
រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់ដូច្នេះ៖«អ្នកទាំង២ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១នៃច្បាប់ស្ដីពីជំងឺកូវីដ-១៩ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ និងព្យាបាលរួច»។
 
បន្ថែមលើនោះរដ្ឋបាលខេត្តព្រៃវែង ក៏កំពុងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធជាមួយបុគ្គលខាងលើ ដើម្បីយកសំណាកអ្នកទាំងនោះទៅពិនិត្យរកមេរោគកូវីដ-១៩។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប ៧០១៣ករណី ក្នុងនោះ ៦៤៧០នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន២៥២៤នាក់ និងស្លាប់ឡើងដល់៤៦ នាក់។ កម្ពុជានៅមានអ្នកជំងឺសរុប ៤៤៣៩នាក់ ក្នុងនោះ ១៩៨២នាក់ កំពុងរង់ចាំការបញ្ជូនទៅព្យាបាល ខណៈ ១៦នាក់ សម្រាកព្យាបាលនៅផ្ទះ និងក្រៅពីនេះ គឺសម្រាកព្យាបាលនៅតាមមន្តីរពេទ្យ មណ្ឌលសុខភាព និងមណ្ឌលព្យាបាលនានា៕
 

Tag:
 កូវីដ១៩
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com